ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អេហ្ស៊ីបបានប្រកាសកាលពីថ្ងៃចន្ទទី២មករាអំពីការទទួលបានមកវិញនូវគម្របមឈូសបុរាណអាយុកាលជិត ២.៧០០ ឆ្នាំដែលខ្លួននិយាយថាត្រូវបានលួចយកចេញពីប្រទេសហើយដាក់តាំងបង្ហាញនៅសារមន្ទីរក្នុងសហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាមេ ស៊ូគ្រី (Sameh Shoukry)បានប្រកាសពីការទទួលបានមកវិញនូវវត្ថុបុរាណនេះ ដែលគេស្គាល់ថា ហ្គ្រីន សាខបហ្វាហ្គឹស(Green Sarcophagus)(មឈូសថ្មបៃតង)ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមទូរទស្សន៍កាលពីថ្ងៃចន្ទ។
លោកបាននិយាយថា វាត្រូវបាននាំចេញដោយលួចលាក់ពីប្រទេស ហើយការយកវាបានមកវិញគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បី “ការពារបេតិកភណ្ឌរបស់អេហ្ស៊ីប”។
រដ្ឋមន្ត្រីទេសចរណ៍និងវត្ថុបុរាណ លោក អាម៉េត អ៊ីសសា (Ahmed Issa)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គម្របដែលមានបណ្តោយជិត ៣ ម៉ែត្រ និងទទឹង ៩០សង់ទីម៉ែត្រគឺស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន ១៧ ដែលទើបទទួលបានមកវិញពីសហរដ្ឋអាម៉េរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា គម្របមឈូសបៃតងនេះត្រូវគេលួចពីផ្នូរអាប៊ូសឺ (Abusir)នៅភាគខាងត្បូងទីក្រុងគែរ បន្ទាប់មកបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០០៨ ហើយទីបំផុតបានធ្វើដំណើរទៅកាន់សារមន្ទីរវិទ្យាសាស្ត្រធម្មជាតិហ៊ូស្តុនក្នុងឆ្នាំ ២០១៣៕
គម្របមឈូសបៃតងទីបំផុតវិលត្រឡប់មកអេហ្ស៊ីបវិញកាលពីថ្ងៃចន្ទ