ដោយ: បូកគោ / កំពត: ជារឿយៗ រៀងរាល់ក្រោយពិធីបុណ្យទានម្តងៗ ទិដ្ឋភាពបែបអវិជ្ជមាន នៃការបន្សល់ទុកសំរាម ពាសវាលពាសកាល ក្នុងក្រុង និងតាមទីសាធារណៈនានា តែងកើតឡើង យ៉ាងអនាធិបតេយ្យបំផុត។ សម្រាប់ ពិធីបុណ្យឆ្លងឆ្នាំសកលថ្មីៗនេះ ទោះបីភ្ញៀវបានមកលម្ហែកម្សាន្ត ក្នុងខេត្តកំពត យ៉ាងច្រើនកុះករក្តី តែបញ្ហាអនាម័យ បរិស្ថាន មានភាពល្អប្រសើរ ជាងបណ្តាឆ្នាំ កន្លងទៅ។ នេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទូទៅ បានផ្លាស់ប្តូរឥរិយាបថច្រើន ពាក់ព័ន្ធនឹងសំរាម ឬកាកសំណល់ផ្សេងៗ។

លោក នូ ច័ន្ទដា ប្រធានយុវជនស្រឡាញ់សន្តិភាពខេត្តកំពត ដែលបានដឹកនាំ កម្លាំងសម្អាតអនាម័យ ក្រោយយប់ឆ្លងឆ្នាំ បានប្រាប់ឱ្យដឹងថាៈ លោកពិតចម្លែក ក្នុងចិត្ត និងមោទកភាពបំផុត ពេលបានឃើញទិដ្ឋភាពកន្លែងកម្សាន្តនានា មិនមានសំរាម ដែលខុសប្លែកពីពេលកន្លងទៅ។ ដោយមិនប្រៀបធៀបរយៈពេល យូរទេ សូម្បីកាលពិធីបុណ្យអុំទូក សំរាម និងកាកសំណល់ផ្សេងៗ បានបន្សល់ទុក ពាសវាលពាសកាល ធ្វើឱ្យកម្លាំងយុវជន ត្រូវដើរសម្អាត ស្ទើរពេញមួយព្រឹក។
លោកប្រធាន បានបញ្ជាក់ថាៈ នេះមិនមែនមានន័យថា បរិមាណសំរាមថយ ចុះនោះទេ តែបងប្អូនប្រជាពលរដ្ឋ គ្រប់គ្រងបានល្អ ដោយពួកគាត់ប្រមូលដាក់ ក្នុងថង់ រួចយកទៅទុក នៅធុងសំរាមយ៉ាងត្រឹមត្រូវ។ ទាំងលោកផ្ទាល់ ក៏ដូចជា ក្រុមយុវជន សូមកោតសរសើរ ដោយស្មោះចំពោះស្មារតី និងការផ្លាស់ប្តូរទម្លាប់ ឆ្ពោះទៅរកភាពវិជ្ជមាន បានឆាប់របស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ពីគ្រប់ទិសទី។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ថាៈ​ តាមការកត់សម្គាល់ ភ្ញៀវដែលបានមកកម្សាន្ត នាពិធីបុណ្យឆ្លងឆ្នាំសកល ថ្មីៗនេះ ទាំងការដើរលម្ហែក្នុងក្រុង ក៏ដូចជានៅទីកម្សាន្តនានា ហាក់មានការយល់ដឹងច្រើន ពាក់ព័ន្ធនឹងបរិស្ថាន។ ជាក់ស្តែង ការបន្សល់សំរាម ឬកាកសំណល់ផ្សេងៗ ទុកពាសវាលពាសកាល មានតិចតួចបំផុត ពោលគឺ ពួកគាត់បានចូលរួម ក្នុងការងារអនាម័យ បរិស្ថាន ដោយសុទ្ធចិត្ត ។

លោកប្រធានមន្ទីរ បានបន្តថាៈ ជាមួយនេះ រដ្ឋបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធ ក៏មានកិច្ចសហការល្អ សម្រាប់ការងារសម្អាតអនាម័យ ដើម្បីមុខមាត់ខេត្ត ទេសចរណ៍។ នេះបញ្ជាក់ឱ្យឃើញថា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិតជាចង់បាននូវសោភ័ណភាព ដ៏ស្រស់បំព្រងទាំងអស់គ្នា៕ V / N