ប្រែសម្រួលៈបំណង(ស៊ីនហួរ)៖នៅពេលតំបន់ជាច្រើននៅចិនកំពុងជួបកំណើននៃការឆ្លងកូវីដ១៩ បណ្តាមន្ទីរពេទ្យមូលដ្ឋានក៏កំពុងខិតខំព្យាបាលអ្នកជំងឺពេញទំហឹង ជាពិសេសអ្នកជំងឺកូវីដ១៩ធ្ងន់ៗ។
មន្ទីរពេទ្យចិនជាច្រើនឥឡូវកំពុងសកម្មប្រមូលនិងលៃទុកប្រភពធនធានហើយបន្ថែមគ្រែអ្នកជំងឺ នៅពេលបុគ្គលិកពេទ្យកំពុងធ្វើការពេញម៉ោងដើម្បីព្យាបាលមើលថែមអ្នកជំងឺធ្ងន់ៗនិងសង្គ្រោះអាយុជីវិតមនុស្ស។
នៅក្រុងហាប៊ីន(Harbin)ក្នុងខេត្តហៃឡុងជាំង(Heilongjiang)ភាគខាងជើង មន្ទីរពេទ្យនៃសកលវិទ្យាល័យវេជ្ជសាស្ត្រ បានបន្ថែមគ្រែអ្នកជំងឺធ្ងន់ធ្ងរនិងឧបករណ៍ជំនួយដង្ហើមចំពេលអ្នកជំងឺកូវីដចូលសម្រាកនៅមន្ទីរពេទ្យនេះកើនឡើងក្នុងពេលខ្លួនក៏កំពុងប្រឈមការខ្វះបុគ្គលិកពេទ្យ។
យូ កាយជាំង(Yu Kaijiang)ប្រធានមន្ទីរពេទ្យខាងលើបាននិយាយថា«វេជ្ជបណ្ឌិតជាច្រើនកំពុងធ្វើការនិងព្យាបាលអ្នកជំងឺនៅពេលខ្លួនឯងក៏ឈឺ ហើយយើងខិតខំអស់ពីសមត្ថភាពដើម្បីសង្គ្រោះគ្រប់អ្នកជំងឺ»។មន្ទីរពេទ្យនេះបានបង្កើតក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយដើម្បីបង្ការកុំអោយអ្នកជំងឺធ្ងន់វិវត្តទៅកាន់តែធ្ងន់ធ្ងរឡើង។នៅប៉ុន្មានថ្ងៃមកនេះវាបានទទួលអ្នកជំងឺធ្ងន់ជាង១៤០នាក់។
នៅក្រុងថាយយូអ៊ែន(Taiyuan)នៃខេត្តសាន់ស៊ី (Shanxi) ផ្នែកអ្នកជំងឺធ្ងន់ICUនៃមន្ទីរពេទ្យសាន់ស៊ី បេធូន(Shanxi Bethune)បានអស់កន្លែងទទួលអ្នកជំងឺថ្មី ទោះជាបានបន្ថែមគ្រែពី៣០មក៤៥ហើយ។
នៅពេលចំនួនអ្នកជំងឺធ្ងន់កើនឡើង បណ្តាមន្ទីរពេទ្យនៅរដ្ឋធានីប៉េកាំងក៏បាននិងកំពុងខិតខំបង្កើនចំនួនគ្រែពេទ្យ ត្រៀមនិងលៃទុកប្រភពធនធានវេជ្ជសាស្ត្រអោយកាន់តែល្អ និងថែមទាំងហ្វឹកហាត់អំពីការសង្គ្រោះអ្នកជំងឺធ្ងន់ដើម្បីធានាថា គ្រប់អ្នកជំងឺធ្ងន់ទទួលបានការព្យាបាលទាន់ពេល។
សូមបញ្ជាក់ថា ក្រោយពីចិនដូររបៀបឆ្លើយតបនឹងជំងឺកូវីដ១៩ ចំណុចផ្តោតសំខាន់របស់ចិនឥឡូវដូរពីការបង្ការការឆ្លងមកជាការព្យាបាលជំងឺវិញ។
លៀង វ៉ាន់នៀន(Liang Wannian)ប្រធានក្រុមអ្នកជំនាញការឆ្លើយតបកូវីដ១៩នៅក្រោមគណៈកម្មាធិការសុខាភិបាលជាតិ បាននិយាយថា« ការផ្តោតបច្ចុប្បន្នបានដូរពីការបង្ការជំងឺឆ្លមកកាន់ការព្យាបាលវេជ្ជសាស្ត្រ។នឹងមានកិច្ចខិតខំរារាំងកុំអោយអ្នកជំងឺធ្លាក់ខ្លួនឈឺខ្លាំងឡើងនិងការស្លាប់»។
ចំណែកលោកចាវ យ៉ាវី( Jiao Yahui)មន្ត្រីនៅគណៈកម្មាធិការសុខាភិបាលជាតិ បាននិយាយថា ខេត្តចិនជាច្រើនកំពុងជួបកំណើននៃអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរនៅពេលគ្រប់មន្ទីរពេទ្យកំពុងព្យាយាមបំពេញសេចក្តីត្រូវការសំរាប់អ្នកជំងឺធ្ងន់ៗកាន់តែច្រើន។
នៅក្រុងប៉េកាំង អាជ្ញាធរមូលដ្ឋានក៏បើកគ្លីនិចជំងឺក្តៅខ្លួននៅតាមមន្ទីរពេទ្យបណ្តោះអាសន្នជាច្រើន នៅកីឡាដ្ឋាននិងសាលតាំងពិព័រណ៍ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រសំរាប់អ្នកជំងឺកូវីដ១៩ក្នុងបំណងសម្រាលសម្ពាធលើបណ្តាស្ថាប័នវេជ្ជសាស្ត្រ៕
រដ្ឋាភិបាលទីក្រុងប៉េកាំងទទួលស្គាល់ទំហំនៃការផ្ទុះកូវីដ១៩ និងថាខ្លួនលែងអាចតាមដានចំនួនឆ្លងប្រចាំថ្ងៃបានក្រោយលុបចោលវិធានការធ្វើតេស្តិ៍រកកូវីដទ្រង់ទ្រាយធំៗកាលពីខែមុនហើយមន្ទីរពេទ្យជោរជន់ដោយអ្នកជំងឺធ្ងន់ ជាពិសេសមនុស្សចាស់(រូបដេល្លីម៉េល)