ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖កាលពីថ្ងៃចន្ទទី២មករាប្រជាជនប្រេស៊ីលដ៏រំជួលចិត្តបានចាប់ផ្តើមគោរពជាលើកចុងក្រោយដល់វីរបុរសបាល់ទាត់ប៉េឡេនៅឯកីឡដ្ឋានដែលគាត់ធ្លាប់ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងជំនាញដ៏អស្ចារ្យរបស់គាត់។ពេញមួយថ្ងៃចន្ទ អ្នកគាំទ្រនិងឥស្សរជនកីឡាបាល់ទាត់រាប់ពាន់នាក់បានតម្រង់ជួរដាក់បាច់ផ្កានៅឯពិធីបុណ្យសពនៅកីឡដ្ឋាន Vila Belmiro ដែលជាផ្ទះយូរឆ្នាំរបស់ក្លិប Santos របស់ប៉េឡេ។
មនុស្សច្រើនឡើងបានបន្តតម្រង់ជួរទាំងយប់ ដោយរង់ចាំវេនរបស់ពួកគេដើម្បីដើរកាត់សាកសព “អូរៃ” ឬ “O Rei” (ស្តេច) ដែលតម្កល់នៅកណ្តាលទីលានបាល់ទាត់។
មឈូសរបស់ប៉េឡេត្រូវបានរុំដោយទង់ជាតិប្រេស៊ីលនិងទង់របស់ក្លិប Santos ហើយហ៊ុមព័ទ្ធជុំវិញដោយផ្កាពណ៌ស រួមទាំងភួងផ្កាពីក្លិប Real Madrid និងតារាប្រេស៊ីលបច្ចុប្បន្ននីម៉ា ដែលឪពុករបស់គេក៏បានចូលរួមផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតី ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) និងភរិយាក៏បានផ្ញើកម្រងផ្កាផងដែរ។
ការិយាល័យរបស់លោកលូឡាបានប្រកាសមុននេះថា លោកនឹងចូលរួមក្នុងពិធីបុណ្យសពនៅព្រឹកថ្ងៃអង្គារ គឺតិចជាង ៤៨ ម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែង ដើម្បី “គោរពពវិញ្ញាណក្ខន្ធ” មុនពេលពិធីដង្ហែសព និងពិធីបញ្ចុះសពនៅពេលក្រោយ។
ប៉េឡេ ជាម្ចាស់ជើងឯកវើលខាប់បីសម័យ ដែលគេចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលនោះ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ក្នុងអាយុ ៨២ ឆ្នាំបន្ទាប់ពីការតស៊ូជាមួយនឹងជំងឺមហារីក។
ប្រធាន FIFA លោក ជីយ៉ាននី អ៊ីហ្វានទីណូ (Gianni Infantino) ដែលបានចូលរួមក្នុងពិធីជាមួយប្រធានសហព័ន្ធបាល់ទាត់អាម៉េរិកខាងត្បូងនិងប្រេស៊ីល បាននិយាយថា ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់នេះនឹងស្នើឱ្យប្រទេសសមាជិកទាំងអស់ដាក់ឈ្មោះកីឡដ្ឋានថាប៉េឡេដើម្បីជាកិត្តិយសដល់គាត់។
លោកអ៊ីហ្វានទីណូបានប្រាប់អ្នកកាសែតនៅទីក្រុងកំពង់ផែ Santos ស្ថិតនៅចម្ងាយ ៧៥ គីឡូម៉ែត្រពីទីក្រុងសៅប៉ូឡូ ថា “ប៉េឡេគឺអមតៈ។ គាត់គឺជានិមិត្តរូបនៃកីឡាបាល់ទាត់ពិភពលោក”៕
ប្រជាជនប្រេស៊ីលរួមទាំងប្រធានបាល់ទាត់ពិភពលោកចូលគោរពសពលោកប៉េឡេ