អ្នកនាំពាក្យ​សុខាភិបាលៈ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្តាសាយ H1N1

1250
ចែករម្លែក

​​ដោយៈ មេសា​/​ភ្នំពេញៈ គេហទំព័រ​របស់​នាយ​ក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ដល់​សាធារណជន​ថា នាពេល​ថ្មីៗ​នេះ ប្រទេសជិតខាង​យើង​មានការ​ប្រកាស​ពី​ការរីក​រាលដាល​ជំងឺ​ផ្តាសាយធំ H1N1 ដែល​បណ្តាល​ឲ្យ​ឈឺ និង ស្លាប់​ជាច្រើន​ករណី ។ ប្រសិនបើ​បានឃើញ​រោគសញ្ញា​គ្រុនក្តៅ​ច្រើន ឬ ផ្តាសាយ​ច្រើន ក្នុងភូមិ ក្នុង​សាលា ឬ​កន្លែងធ្វើការ សូម​ទាក់ទង​លេខ 115 ដោយ​គ្មាន​គិតថ្លៃ​សេវា​ពី​គ្រប់​ប្រ​ព័​ន្ទ ដើម្បី ចាត់វិធានការ​ឆ្លើយតប​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា  ។​

​លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រ​យ​ទ្ធ​នឹង​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា នៅ​ប្រទេស​កម្ពុជា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក៏​ទទួលបាន​របាយ​ការ​ណ៏​ពី​ការកើនឡើង​នៃ​ជំងឺ​ផ្តាសាយធំ ដែល​ក្នុងនោះ​ក៏មាន​ឃើញ​វិជ្ជមាន មេរោគ​ផ្តាសាយ H1N1 ផងដែរ តាមរយៈ​ប្រ​ព័​ន្ទ​តាមដាន​ជំងឺ​ផ្តាសាយ ប៉ុន្តែ​ពុំទាន់​រកឃើញ​ករណី​ធ្ង​នើ​ធ្ង​រ​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះដែរ ។​

​លោក សូ​វ៉ាន់ បាន​បន្ថែមថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រកឃើញថា ក្នុងប្រទេស​កម្ពុជា នៅក្នុង​រដូវភ្លៀង​ជា​រដូវ​ដែលមាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​ច្រើន ដែល​បង្កឡើង​ដោយ​មេរោគ​ផ្តាសាយ​ច្រើន​ប្រភេទ ដូចជា Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C ។ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្តាសាយធំ​នេះ ។

​គប្បី​រំឭកថា កាលពី​ឆ្នាំ​២០០៩ ជំងឺ​ផ្តាសាយធំ H1N1 នេះ ត្រូវបាន​គេ​និយម​ហៅថា​ផ្តាសាយ​ជ្រូក ហើយ​មេរោគ​ផ្តាសាយ​នេះ​បាន​បំ​លែងខ្លួន​ទៅជា​ផ្តាសាយធំ​ធម្មតា​កាលពី​ឆ្នាំ ២០១២ ។ ក្រុម​អ្នកជំងឺ​ដែលមាន​ជំងឺ​ផ្តា​យ​សាយ​ធំ​អាច​វិ​វត្ត​ន៏​ទៅ​ជំងឺ​ធ្ងន់ធ្ងរ​រួមមាន កុមារ​អាយុ​ក្រោម​៥​ឆ្នាំ មនុស្ស​ចាស់​លើសពី​៦៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ។

​ការបង្ការ​ជំងឺ​ផ្តាសាយធំ​រួមមាន​៖ ឧស្សា​ហ៏​លាងដៃ​ដោយ​សាប៊ូ​និង​ទឹក អាល់កុល ឬ ជែ​ល នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​ផ្តាសាយ​លើសពី ១ ម៉ែត្រ ឲ្យ​អ្នកជំងឺ​ពាក់​ម៉ាស់ និង​លាងដៃ​ដោយ​សាប៊ូ អាល់កុល ឬ ជែ​ល ។

​រោគសញ្ញា​ជំងឺ​ផ្តាសាយធំ​រួមមាន​: គ្រុនក្តៅ​លើសពី ៣៨,៥​អង្សា​សេ និង មាន​ក្អក ឫ ឈឺ ក ហើយ​ករណីខ្លះ​អាច​វិ​វត្ត​ន៏​ទៅជា​ហត់ ។ ការព្យាបាល​ជំងឺ​នេះ គឺ​ត្រូវ ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ទទួលទាន​ដំណេក​ឱ្យបាន​ស្កប់ស្កល់ កាត់បន្ថយ​ការហាត់​ប្រាណ បរិភោគ​អាហារ​សំបូរ​ជីវជាតិ​ជាពិសេស វីតាមីន​សេ ។ ការប្រើ​ថ្នាំ​ផ្សះ​គ្មាន​ប្រសិទ្ធិភាព សំលាប់​មេរោគ​នេះ​ទេ ថែមទាំង​សុខភាព​ទ្រុឌទ្រោម និង​មិន​ងាយ​ជា​ពី​ជំងឺ​ផ្តា​យ​ទៀតផង ។ បើ​ការព្យាបាល​៣​ថ្ងៃ​មិន​ធូរស្រាល ឫ​វិ​វត្ត​ន៏​ទៅជា​ហត់​ខ្លាំង សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ ព្រោះ​កម្ពុជា មាន​ឱសថ​សម្រាប់​ព្យាបាល​សម្លាប់​មេរោគ​ផ្តាសាយធំ​ប្រកបដោយ​ប្រសិទ្ធភាព ។ ប៉ុន្តែ​បើ​ទុកឱ្យ​យឺត​ពេល អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕ Kh/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម