ដោយៈ វ៉ៃកូ / ស្វាយរៀង៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាល ស្រុកចន្រ្ទា នៅព្រឹកថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ បានអញ្ជើញជួបសំណេះសំណាល និង បើកការដ្ឋានជួសជុលផ្លូវដី ក្រាលថ្មបំបែក ប្រវែង ១.៧១៣ ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងដៀលើ ភូមិទួលស្ពាន និងភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយប្រើប្រាស់ថវិកាមូលនិធិឃុំច្រេស ។

នាឱកាសនោះ លោកអភិបាលស្រុកចន្ទ្រា ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ជួយសហការជាមួយ ក្រុមប្រឹក្សាឃុំ និងក្រុមហ៊ុន ដើម្បីសម្រួលដល់ការងារ ជួសជុលផ្លូវ ឱ្យទទួលបានជោគជ័យ ក៏ដូចជាជួយត្រួតពិនិត្យ និងតាមដានមើល ការអនុវត្តគម្រោងទាំងអស់គ្នា ដើម្បីឱ្យក្រុមហ៊ុន អនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងកិច្ចសន្យាជាមួយក្រុមប្រឹក្សា ។

លោកបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមជួយ ថែរក្សាផ្លូវ ឱ្យបានល្អ ព្រោះជាទ្រព្យសម្បត្តិ យើងទាំងអស់គ្នា ។ ជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព ជាប្រចាំ និងអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ ម៉្យាងទៀត សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច ឱ្យបានល្អប្រសើរ ។

លោកអភិបាលស្រុក ក៏បានជម្រាបជូនបងប្អូនពលរដ្ឋ ឱ្យយល់ពីតម្លៃនៃសន្តិភាព  ហើយយើងរួមគ្នារក្សាឲ្យបានគង់វង្ស នូវសុខសន្តិភាព ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិក និង ជាមគ្គុទ្ទេសក៍ឯកនៃសន្តិភាពនៅកម្ពុជា ដែលធ្វើប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ។ រដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ គឺតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ជាក់ស្ដែង រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយសារសម្ពាធអតិផរណា ដើម្បីរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ បានមួយកម្រិត ។ V / N