ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាអនុប្រធានគណបក្ស ខេត្តកំពង់ធំ លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក សមាជិកា គណបក្ស បានអញ្ជើញចូលរួមពិធី ប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា គឺ លោក ឃីម សុខឃាង ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

លោក ឃីម សុខឃាង ប្រធានថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ បានឡើងប្ដេជ្ញាចិត្ត ដែលមានខ្លឹមសារសំខាន់ៗ ស្របតាមលក្ខខណ្ឌ និង គោលការណ៍របស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសប្តេជ្ញារក្សាការពាររាល់ សមិទ្ធផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានកសាងរយៈពេល កន្លងមក បច្ចុប្បន្ន និងទៅអនាគត និងប្តេជ្ញាយកអស់កំលាំងកាយ កំលាំងចិត្ត និងស្មារតី ដើម្បីបំរើគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាងការពារជាតិ មាតុភូមិ និងបំរើប្រជាជន​នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ។ល។

ក្នុងឱកាសនោះ លោក ឈុន ឈន់ បានមានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំនីមួយៗ ត្រូវមានព្រហ្មវិហារធម៌ទាំង ៤របស់មនុស្ស ដើម្បីផ្ដល់សេចក្តីសុខដល់មនុស្សទូទៅ កុំយកភាពអត្តនោម័ត មកសម្រេចចិត្តតែម្នាក់ឯង គឺយកមតិភាគច្រើន ដើម្បីមក ពិចារណាធ្វើការសម្រេច កិច្ចការអ្វីមួយនៅក្នុងសហគមន៍ ។ សូមរក្សាឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់យើង ទៅរកភាពឈ្នះ ដើម្បីរួមសហការគ្នា កសាងគណបក្សប្រជាជនកម្ពុជា ឲ្យមានការរីកចម្រើន នៅក្នុងមូលដ្ឋាន។

លោក ឈុន ឈន់ បានផ្តាំផ្ញើដល់ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវពិនិត្យធ្វើការវិភាគ ឲ្យបានល្អនូវផែនការ ដែលអនុវត្តប្រចាំខែ ប្រចាំឆ្នាំ ដើម្បីយកមកអនុវត្តឲ្យបានល្អ ហើយតាមដានជាប្រចាំ ទទួលបានលទ្ឋផល១០០%។ ត្រូវមានការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីមានភាពស្និទ្ធស្នាល ស្វែងយល់ពីបញ្ហាប្រឈម ផ្សេងៗ នៅក្នុងសហគមន៍ ។ បង្កើតឱ្យមានវេទិកាសាធារណៈ ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹង ពីព័ត៌មានផ្សេងៗ នៅក្នុងសហគមន៍ រកដំណោះស្រាយ និងសំណូមពរ នៅក្នុងមូលដ្ឋាន និងចុះពិនិត្យតាមដាន ជាមួយសមាជិក នៅតាមភូមិគោលដៅ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ឋផលល្អប្រសើរ សម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕/V-PC