ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ សេដ្ឋកិច្ចរបស់សិង្ហបុរីបានកើនឡើងលឿនជាងការព្យាករណ៍ផ្លូវការនៅឆ្នាំ ២០២២ប៉ុន្តែសកម្មភាពយឺតយ៉ាវនៅក្នុងត្រីមាសទីបួនចង្អុលបង្ហាញអំពីហានិភ័យសំខាន់ៗនៅខាងមុខសម្រាប់រដ្ឋទីក្រុងមួយនេះក្នុងឆ្នាំថ្មី២០២៣ ខណៈតម្រូវការពិភពលោកចុះខ្សោយនិងសម្ពាធអតិផរណាមានទម្ងន់ធ្ងន់។
ទិន្នន័យបឋមរបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មបានបង្ហាញនៅថ្ងៃអង្គារទី៣មករានេះថា សេដ្ឋកិច្ចរបស់សិង្ហបុរីបានកើនឡើង ៣,៨ ភាគរយក្នុងឆ្នាំ ២០២២ដោយផ្តួលការព្យាករណ៍របស់រដ្ឋាភិបាលសម្រាប់កំណើន ៣,៥ ភាគរយ និងធ្លាក់ចុះពី ៧,៦ ភាគរយក្នុងឆ្នាំ ២០២១។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP)បានកើនឡើង ២,២ ភាគរយក្នុងខែតុលាដល់ខែធ្នូធៀបឆ្នាំមុន ដោយឃើញការកើនឡើងស្ទើរតែពាក់កណ្តាលនៃកំណើន ៤,២ ភាគរយក្នុងត្រីមាសទីបី។ សេដ្ឋវិទូចំនួនប្រាំបីរូប ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រំពឹងថានឹងមានកំណើន ២,១ ភាគរយ។
លោក ជេហ្វ ង៉ អ្នកវិភាគមកពីក្រុមហ៊ុន MUFG បាននិយាយថា “វាពិតជាគួរឱ្យព្រួយបារម្ភដែលមានការធ្លាក់ចុះនៃសេវាកម្មប្រចាំត្រីមាស…នេះបានបង្ហាញពីផលប៉ះពាល់នៃការធ្លាក់ចុះជាសកលទៅលើវិស័យសេវាកម្មតម្រង់ទិសខាងក្រៅ ហើយថាកំណើនបន្ថែមទៀតពីកម្រិតបច្ចុប្បន្ននឹងពិបាកសម្រេចបានណាស់នៅឆ្នាំ ២០២៣”។
GDP បានកើនឡើង ០,២ ភាគរយផ្អែកលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាលប្រចាំត្រីមាសក្នុងខែតុលាដល់ខែធ្នូ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកកាលពីថ្ងៃសៅរ៍ថា ទស្សនវិស័យអន្តរជាតិនៅតែមានបញ្ហាដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រដ្ឋ។ រដ្ឋាភិបាលរំពឹងមានកំណើនពី ០,៥ ភាគរយ ទៅ ២,៥ ភាគរយនៅឆ្នាំនេះ៕
កប៉ាល់ចូលចតនៅកំពង់ផែ Keppel ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០