ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ចិនកាលពីថ្ងៃអង្គារបានថ្កោលទោសការតំរូវអោយធ្វើតេស្តិ៍រកកូវីដ១៩សំរាប់អ្នកដំណើរទៅពីចិននៅក្នុងប្រទេសមួយចំនួន ដោយបានព្រមានចាត់វិធានការតតបវិញ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ៅ និញ(Mao Ning)បានប្រាប់សន្និសីទកាសែតទៀតទាត់មួយថា «ប្រទេសខ្លះធ្វើការរឹតបន្តឹងការចូលប្រទេសរបស់គេដោយផ្តោតលើអ្នកដំណើរចិន។ការធ្វើដូចនេះខ្វះមូលដ្ឋានវិទ្យាសាស្ត្រនិងការប្រតិបត្តិខ្លះមិនអាចទទួលយកបាន។ចិនអាចចាត់វិធានការតបផ្អែកលើគោលការណ៍តបវិញ»។
ស្លាកបង្ហាញថាអ្នកដំណើរមកពីចិនត្រូវបំពេញនីតិវិធីកូវីដ១៩ ពេលទៅដល់អាកាសយានដ្ឋានអ៊ីនឆុនរបស់កូរ៉េខាងត្បូង
ប្រទេសជាច្រើនរួមមានអាម៉េរិក បាននិយាយយោងដល់កង្វះតម្លាភាពមកពីចិនប៉េកាំងស្តីពីទិន្នន័យកូវីដ១៩និងហានិភ័យនៃការកកើតវីរុសបំប្លែងខ្លួនថ្មី ដើម្បីជាហេតុផលសំរាប់រឹតត្បិតអ្នកដំណើរទៅពីចិន។
ក្នុងពេលជាមួយគ្នាពួកមន្ត្រីរដ្ឋាភិបាលក្នុងសហភាពអឺរ៉ុបត្រូវជួបប្រជុំគ្នានៅថ្ងៃពុធទី៤មករា ដើម្បីពិភាក្សារកវិធីឆ្លើយតបរួមគ្នាមួយចំពោះកំណើននៃការឆ្លងកូវីដ១៩នៅចិន។
ជំនួបនេះត្រូវបានធ្វើឡើងក្រោយកិច្ចពិភាក្សាស្រដៀងគ្នាកាលពីខែមុន ដែលបានបញ្ចប់ទៅដោយគ្មានការសំរេចចិត្តលើបញ្ហានេះ។ក្នុងអំឡុងពេលពិភាក្សា អ៊ីតាលីសុំអោយប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបធ្វើដូចខ្លួនគឺ ធ្វើតេស្តិ៍អ្នកដំណើរទៅពីចិនដើម្បីរកកូវីដ១៩ តែប្រទេសភាគច្រើនក្នុងប្លុកដែលមាន២៧ប្រទេសនេះ បាននិយាយថា«មិនចាំបាច់ធ្វើដូច្នេះទេ ទោះជាចិនលុបចោលវិធានការគ្រប់គ្រងកូវីដ១៩ដ៏តឹងរឹងក្រោយអនុវត្តវាអស់ជិតបីឆ្នាំ។
សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដកការរឹតត្បិតលើការធ្វើដំណើរចេញក្រៅប្រទេសសំរាប់ពលរដ្ឋខ្លួនចាប់ពីថ្ងៃ៨មករាតទៅ។
ស្នងការសុខភាពអឺរ៉ុប លោកស្រី ស្ទេលឡា គីរៀគីដេស(Stella Kyriakides)បាននិយាយក្នុងលិខិតផ្ញើទៅបណ្តារដ្ឋាភិបាលអឺរ៉ុបថា គេគួរពិចារណាបង្កើនការវិភាគហ្សែននៃវីរុសឆ្លងនៅចិននិងតាមដានពិនិត្យមើលទឹកសំណល់ រួមមាននៅតាមអាកាសយានដ្ឋានដើម្បីតាមរកវីរុសថ្មីណាមួយ ។
តែមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុបបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមិនបានណែនាំអោយចាត់វិធានការលើអ្នកដំណើរទៅពីចិនទេ ដោយសារប្រភេទវីរុសដែលកំពុងចម្លងនៅចិនមានវត្តមាននៅអឺរ៉ុបរួចហើយ ខណៈពលរដ្ឋអឺរ៉ុបបានចាក់វ៉ាក់សាំងក្នុងកំរិតខ្ពស់ហើយដែរ។លទ្ធភាពនាំវីរុសចូលទាប បើធៀបនឹងការឆ្លងប្រចាំថ្ងៃនៅអឺរ៉ុប។
ក្នុងពេលជាមួយគ្នា កាសែតFinancial Timesបានរាយការណ៍កាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបបានសុំផ្តល់វ៉ាក់សាំងការពារកូវីដ១៩ដល់ចិន ដើម្បីជួយរដ្ឋាភិបាលទីក្រុងប៉េកាំងដោះស្រាយកំណើននៃការឆ្លងជំងឺនេះ។
របាយការណ៍បាននិយាយថា ស្នងការសុខភាពអឺរ៉ុប បានទាក់ទងទៅសមភាគីចិនដើម្បីបង្ហាញសាមគ្គីភាពនិងការគាំទ្រ រួមមានជំនាញវេជ្ជសាស្ត្រ ព្រមទាំងជំនួយវ៉ាក់សាំងសហភាពអឺរ៉ុបដែលកែសម្រួលសំរាប់ប្រយុទ្ធនឹងវីរុសបំប្លែងខ្លួនថ្មីរួចហើយ៕
អ្នកជំងឺក្តៅខ្លួនកំពុងជោរជន់មន្ទីរពេទ្យចិននៅតាមទីក្រុងធំៗ ក្រោយចិនដកចេញវិធាការគ្រប់គ្រងកូវីដដ៏តឹងរឹងមក