ដោយៈប.ខុន/ភ្នំពេញៈការងារអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹកទី២ ដោយប្រើប្រាស់ឋាមពលអគ្គិសនីនៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោ១ដាក់បញ្ចូលប្រឡាយមេទី១ប្រវែង២៨គីឡូ ម៉ែត្រដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន៥.០៨៩ហិកតាបានផ្អាកទៅវិញបន្ទាប់ពីក្នុងប្រឡាយមានទឹកគ្រប់គ្រាន់ រីឯការងារដាំដុះ ស្រូវ ប្រាំងនៅខេត្តព្រៃវែងគិតត្រឹមថ្ងៃទី៣០ខែធ្នូអនុវត្តបាន៨១.៧០៥ហិកតាស្មើ១០៨ភាគរយនៃផែនការ៧៥.០០០ហិកតា។

លោក ឃុត សាឃឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២៣ថា សកម្មភាពបូមទឹកនៅស្ថានីយ៍បូមទឹកទី២ បញ្ចូលទៅក្នុងប្រឡាយមេទី១ប្រវែង២៨គីឡូម៉ែត្រ ដើម្បីស្រោចស្រពដំណាំស្រូវប្រាំងដែលប្រជាពលរដ្ឋធ្វើនៅលើផ្ទៃដីស្រូវវស្សាចំនួនជាង៥.០០០ហិកតានោះបាន ផ្អាកទៅវិញហើយ បន្ទាប់ពីបានដំណើរការអស់រយៈពេលបួនថ្ងៃមានទឹកសមល្មមសម្រាប់ស្រោចស្រពរួចមក។

លោកប្រធានមន្ទីរបាននិយាយឱ្យដឹងទៀតថាការងារបូមទឹកអន្តរាគមន៍ដល់ដំណាំស្រូវអាចនៅមានម្តងឬពីរដងទៀត ប្រសិនបើមិនភ្លៀងកក់ខែ។ទោះជាយ៉ាង ណាយើងមានទឹកគ្រប់គ្រាន់សម្រាប់បូមចេញពីប្រឡាយមេវ៉ៃគោដាក់ចូលទៅក្នុងប្រឡាយរងដើម្បីឱ្យប្រជាកសិករបូមបន្តដាក់ចូលទៅក្នុងស្រែដែលត្រូវការទឹក។

លោក ឃុត សាឃឿន បាននិយាយឱ្យដឹងផងដែរថាការងារដាំដុះស្រូវប្រាំងឆ្នាំ២០២២-២០២៣នៅខេត្តព្រៃវែងមកដល់ត្រឹមថ្ងៃទី៣០ខែធ្នូអនុវត្តបាន៨១.៧០៥ហិកតាស្មើ១០៨ភាគរយនៃផែនការ៧៥.០០០ហិកតា ខណៈការដាំដុះស្រូវប្រាំងឆ្នាំ២០២១ -២០២២អនុវត្តបានរហូតដល់ជាង១០ម៉ឺនហិកតាដោយធ្វើនៅលើផ្ទៃដីស្រូវវស្សាចាប់ តាំងពីប្រព័ន្ធធារាសាស្ត្រវ៉ៃគោបានធ្វើរួចមក។ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងកាលពីថ្ងៃទី២៨ខែធ្នូបានសហការជាមួយក្រុមហ៊ុនចិន ចុះអន្តរាគមន៍បូមទឹកនៅស្ថានីយបូមទឹកទី២ ដោយប្រើប្រាស់ឋាមពលអគ្គិសនីនៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោ១ ដាក់បញ្ចូលប្រឡាយមេទី១ប្រវែង២៨គីឡូម៉ែត្រ ដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ៥.០៨៩ ហិកតា ស្ថិតនៅឃុំចំនួន០៦ គឺឃុំ៖ ព្រៃខ្លា ,ជាខ្លាង ,ស្វាយអន្ទរ ,អង្គរទ្រេត ,មេមុណ្យ និងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គួររលឹកថា ល្បឿននៃការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២២-២០២៣ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣០ខែធ្នូអនុវត្តបាន៤០៣.២៣៣ហិកតារ ស្មើ៨១,៧៣ភាគរយនៃផែន ការ ៤៩៣.៣៦០ហិកតា៕/R