ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ប្រជាពលរដ្ឋ រស់នៅភូមិច្រកលាវ​សង្កាត់បាវិត បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងលោក អភិបាលក្រុងបាវិត ក្រោយពេលពួកគេ ទទួលបានផ្លូវស្អាតល្អ ព្រមទាំងមានភ្លើង សូឡាបំភ្លឺផ្លូវ នាពេលរាត្រី ថែមទៀតផង។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិច្រកលាវ បានមានប្រសាសន៍ឲ្យដឹងថា៖ ផ្លូវមួយខ្សែនេះ មានបណ្តោយប្រវែង ៥៩២ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិ ច្រកលាវ ដែលនាពេលកន្លងមក ក្នុងរដូវវស្សា ជារៀងរាល់ឆ្នាំ គឺពិបាកក្នុងការធ្វើ ដំណើរដឹកកសិផល ទៅកាន់ទីផ្សារយ៉ាងខ្លាំង ជាពិសេស សិស្សានុសិស្ស ពិបាកធ្វើ ដំណើរទៅរៀនម្តងៗ ។

អ្នកភូមិ បានអះអាងថាៈ ប៉ុន្តែបច្ចុប្បន្ននេះ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត អាជ្ញាធរសង្កាត់បាវិត ធ្វើឱ្យផ្លូវមួយខ្សែនេះ បានកែប្រែពីភក់ល្បាប់ និងជង្ហុកធំៗ មកជាផ្លូវក្រាលបេតុង និងមានដាក់បង្គោលភ្លើងសូឡា នៅពេលយប់។

អ្នកភូមិខាងលើ បានបន្តទៀតថាៈ ពួកគាត់មានចិត្តត្រេកអរ សប្បាយចិត្តខ្លាំងណាស់ នៅពេលបានផ្លូវស្អាតល្អ ដែលពីមុនៗ ពិបាកខ្លាំង មិនថារដូវវស្សា ឬរដូវប្រាំង។ បើរដូវវស្សាវិញ មានទឹកដក់ រីឯរដូវប្រាំង មានជង្ហុកធំៗ រលាក់ និងដីហុយ ងងឹតឈឹងតែម្តង ។

ជាមួយគ្នានេះដែរ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ មួយខ្សែនេះ ក៏បង្ហាញពីការ សប្បាយរីករាយ ដែលទទួលបានសមិទ្ធផលថ្មី ដែលទើបតែធ្វើពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ នាពេលថ្មីៗ កន្លងមក ។

ជាមួយគ្នានេះ អ៊ុំស្រីម្នាក់ ជាអ្នកភូមិនេះដែរ បានប្រាប់ថាៈ គាត់សប្បាយចិត្តហួសពី ការស្មាន ដោយឃើញថ្នាក់ដឹកខេត្ត ក្រុង សង្កាត់ បានធ្វើផ្លូវក្រាលបេតុង និងមាន ដាក់សូឡាបំភ្លឺផ្លូវ នៅពេលយប់ មិនត្រឹមតែផ្លូវស្អាតល្អនោះទេ អ្នកភូមិទាំងអស់ បានដើរហាត់ប្រាណ ដើម្បីសុខភាពទៀត ហើយពួកគាត់ បានអរគុណលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកចៅសង្កាត់​លោកមេភូមិ ដែលខិតខំទាំង ការអភិវឌ្ឍ ក្រុងបាវិត ឱ្យមានការរីកចំរើន ជាបន្តបន្ទាប់ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាពដល់ទីកន្លែង។ នេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់របស់ មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់៕ V / N