ដោយៈ ភ្នំដែក / ព្រះវិហារៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធា ប្រចាំខែធ្នូ ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមករា ឆ្នាំ២០២៣ និងប្រគល់លិខិតសរសើរ សេចក្ដីសម្រេចតែងតាំងមុខងារជូននាយទាហាន ចំណុះទីបញ្ជាការផងដែរ ។
កិច្ចប្រជុំនេះ ធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក នាយការិយាល័យ ផ្នែក អង្គភាព ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាច្រើនរូប។
លោកមេបញ្ជាការ បានដាក់ចេញនូវផែនការមួយចំនួន ដើម្បីអនុវត្តបន្ដ និងបានផ្ដាំផ្ញើ ជំរុញបន្ថែមដល់តាមបណ្ដាអង្គភាព ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះការងារអតីតយុទ្ធជន នៅតាមមូលដ្ឋាន ដើម្បីត្រៀមលើកផ្ទះជូនពួកគាត់ និងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវយកចិត្តទុកដាក់ការពារបូរណភាព ទឹកដីនិងការងារទំនាក់ទំនង ឱ្យបានល្អ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេស បញ្ហារគ្រឿងញៀនឆ្លងដែននិងផ្សព្វផ្សាយពីបទវិន័យទូទៅ នៃកងយោធពលខេមរ ភូមិន្ទ និងសភាពការណ៍ថ្មីៗ ដល់អង្គប្រជុំ គ្រប់អង្គភាព ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺន តាមបណ្តាលកងឯកភាព នូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំ ចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តា អង្គភាព សាមគ្គីភាពផ្ទៃក្នុងអង្គភាព ឱ្យបានល្អ និងមិនឱ្យមានការប្រើប្រាស់ គ្រឿងញៀន ជាដាច់ខាត នៅក្នុងអង្គភាព៕/V