ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ទាហាននៃកងពលធំទ័ពអាកាសលេខ ១០១ របស់កងទ័ពអាម៉េរិក បានហូបចុកនិងដេកនៅលើទីតាំងព្រំដែនដ៏ស្ងាត់មួយនៅភាគអាគ្នេយ៍ប្រទេសរូម៉ានី ដែលស្ថិតក្នុងចម្ងាយហោះដល់នៃរ៉ុក្កែតត្រឹមតែប្រាំពីរនាទីពីកន្លែងដែលរុស្ស៊ីបានស្តុកទុកគ្រាប់នៅតំបន់គ្រីម៉េ។
នៅភាគខាងជើងឆ្ងាយពីទីនោះ ក្នុងសមយុទ្ធយោធាជាមួយកងទ័ពរ៉ូម៉ានីនៅតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ទាហានអាម៉េរិកមកពីកងពលធំលេខ ១០១ ដែរនោះ កំពុងបាញ់កាំភ្លើងធំបើកការវាយប្រហារដោយប្រើឧទ្ធម្ភាគចក្រ និងជីកលេណដ្ឋានស្រដៀងទៅនឹងសមរភូមិជួរមុខក្នុងទីក្រុងឃើសុន ដែលជាទីក្រុងកំពង់ផែអ៊ុយក្រែន ដែលទាហានរុស្ស៊ីបានដកថយចេញកាលពីខែវិច្ឆិកា។
វាជាលើកទីមួយហើយ ដែលកងពលធំទ័ពអាកាសលេខ១០១ត្រូវបានដាក់ពង្រាយទៅកាន់ទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយជាមួយនឹងវត្តមានរបស់ពួកគេនៅក្នុងប្រទេសរូម៉ានីដែលជាសមាជិកអង្គការណាតូ ទាហានរបស់អាម៉េរិកឥឡូវនេះកំពុងនៅជិតតំបន់សង្គ្រាមនៅអ៊ុយក្រែនជាងអង្គភាពកងទ័ពអាម៉េរិកណាៗទាំងអស់។
បេសកកម្មរបស់ពួកគេត្រូវបានចាត់ទុកថាជាគំរូមួយសម្រាប់យោធាអាម៉េរិកដែលទើបនឹងដកខ្លួនចេញពីសង្គ្រាមយ៉ាងសកម្មរយៈពេលពីរទសវត្សរ៍ និងចូលទៅក្នុងយុគសម័យនៃការព្យាយាមរារាំងសត្រូវ ដោយប្រើការសម្ញែងកម្លាំងក៏ដូចជាការហ្វឹកហ្វឺន ការដឹកជញ្ជូនអាវុធ និងជំនួយផ្សេងទៀតដើម្បីជំរុញហេតុផលរបស់ខ្លួននៅក្នុងស្រុក។
ឧត្តមសេនីយ៍ ជែមស៍ ស៊ី ម៉ាកខុនវីល (James C. McConville)នាយសេនាធិការនៃកងទ័ពជើងគោកអាម៉េរិកបាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពាក់កណ្តាលខែធ្នូនៅឯមូលដ្ឋានទ័ពអាកាសដែលចែករំលែកផ្លូវរត់ជាមួយអាកាសយានដ្ឋានពាណិជ្ជកម្មនៅជាប់នោះថា “នេះគឺជាជម្លោះក្នុងតំបន់ប៉ុន្តែវាមានផលប៉ះពាល់ជាសកល”។
ការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសរូម៉ានីគឺមានន័យថាជាការព្រមានដល់រដ្ឋាភិបាលក្រុងមូស្គូ ដែលជាផ្នែកមួយនៃការសន្យារបស់ប្រធានាធិបតីចូ បៃដិនក្នុងការការពារ “គ្រប់អ៊ីញ” នៃទឹកដីណាតូ ដោយធ្វើយ៉ាងណាកុំឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខឹងហើយបង្កើនជម្លោះបន្ថែមទៀត។ ប៉ុន្តែការធ្វើសមយុទ្ធរួមគ្នានេះក៏ជាមធ្យោបាយមួយក្នុងការធានាថាសម្ពន្ធមិត្តនៅអឺរ៉ុបភាគអាគ្នេយ៍ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមយុទ្ធផងដែរ។
គេមិនច្បាស់ទេថាតើអាម៉េរិកនឹងរក្សាដានជើងប្រភេទណានៅមូលដ្ឋាននេះ។ មន្ទីរបញ្ចកោណនឹងសម្រេចក្នុងពេលឆាប់ៗនេះថាតើត្រូវរក្សាចំនួនទាហាននិងមេបញ្ជាការជាន់ខ្ពស់អាម៉េរិកនៅទីនោះដែរឬអត់។
អ្នកខ្លះនៅក្នុងសភាមានការព្រួយបារម្ភចំពោះការចំណាយច្រើនឡើងក្នុងការបំពេញតាមការទាមទារជាបន្តរបស់អ៊ុយក្រែនសម្រាប់ការគាំទ្រពួកគេដោយសមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាកខាធី (Kevin McCarthy)បានលើកឡើងកាលពីខែតុលាថា គណបក្សរបស់គាត់ប្រហែលជាមិនចង់សរសេរ “មូលប្បទានប័ណ្ណចំហ” ដល់អ៊ុយក្រែនទេ។
ប៉ុន្តែអ្នកគាំទ្រនៃការរក្សាវត្តមានដ៏រឹងមាំនៅអឺរ៉ុបខាងកើតបានចង្អុលទៅការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈជាភស្តុតាងបង្ហាញថា សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តណាតូមិនបានធ្វើគ្រប់គ្រាន់ដើម្បីរារាំងមូស្គូកាលពីរដូវរងាឆ្នាំមុនទេ៕
កងទ័ពអាម៉េរិកដើរដង្ហែក្នុងអំឡុងពេលដង្ហែក្បួនយោធាក្នុងថ្ងៃបុណ្យជាតិរបស់រូម៉ានី នៅទីក្រុងប៊ូការ៉េសនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២