ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មជ្ឈមណ្ឌលអវកាសជាតិកូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា យានគោចរព្រះចន្ទលើកដំបូងរបស់កូរ៉េខាងត្បូង ឈ្មោះដានូរី( Danuri)បានបញ្ជូនរូបថតសខ្មៅអំពីផ្ទៃព្រះចន្ទនិងផែនដី។
Danuriត្រូវបានបាញ់បង្ហោះតាមរ៉ុក្កែត SpaceXចេញពីអាម៉េរិកកាលពីខែសីហា ២០២២ និងបានចូលក្នុងគន្លងព្រះចន្ទកាលពីខែមុន។
រូបភាពរបស់វា ដែលត្រូវបានថតចន្លោះថ្ងៃ២៤ធ្នូ និង១មករា បង្ហាញផ្ទៃព្រះចន្ទនិងផែនដីនិងត្រូវបានថតពីលើព្រះចន្ទយ៉ាងតិចចម្ងាយ១២០គីឡូម៉ែត្រ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវអវកាសកូរ៉េ(KARI)។វាបានបន្ថែមថា រូបភាពនិងវីដេអូ បញ្ជូនមកក៏ត្រូវប្រើសំរាប់ជ្រើសរើសទីតាំងចុះចតរបស់យានមួយលើផ្ទៃព្រះចន្ទនៅឆ្នាំ២០៣២។
KARIបាននិយាយថា យានDanuriនេះហោះជុំវិញព្រះចន្ទនៅរាល់ពីរម៉ោងម្តង ហើយនឹងចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្ររបស់វានៅខែក្រោយ រួមមានការគូសផែនទី និងវិភាគសណ្ឋានដីរបស់ព្រះចន្ទវាស់កម្លាំងទំនាញនិងកម្មរស្មីហ្កាម៉ា។
វាក៏នឹងសាកល្បងបច្ចេកវិទ្យា«អ៊ីនធឺណិតអវកាស»ដោយបញ្ជូនរូបថតនិងវីដេអូមកកាន់ផែនដី។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល បានអបអរសមិទ្ធផលរបស់Danuriថាជា«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»មួយនៅក្នុងកម្មវិធីអវកាសរបស់ប្រទេស។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានដាក់ចេញផែនការប្រកបដោយមហិច្ឆតាសំរាប់ទីអវកាស រួមមានយានចុះចតលើព្រះចន្ទនៅឆ្នាំ២០៣២ និងភពអង្គារនៅយ៉ាងយូរត្រឹមឆ្នាំ២០៤៥៕
យានគោចរជុំវិញព្រះចន្ទរបស់កូរ៉េខាងត្បូងបានបញ្ជូនរូបភាពសខ្មៅស្តីពីព្រះចន្ទនិងផែនដី