ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រះករុព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ខែមីនាឆ្នាំ២០២៣ដែលជាពេលវេលាដ៏ល្អគឺពេលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការដាក់ចេញនៅផែនការនិងពេលវេលាជាក់លាក់ក្នុងការសុំភ្លើងព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ត្រូវបានកំណត់ នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ គណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែង ក្រោយកិច្ចប្រជុំថាកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ ត្រូវបានធ្វើឡើងច្រើនមកហើយ ប៉ុន្តែក្នុងកិច្ចប្រជុំលើកនេះ គឺយើងយកចិត្តទុកដាក់បន្ថែម និងបានពិភាក្សាលម្អិតឱ្យកាន់តែច្បាស់លាស់ លើការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា ខណៈពេលវេលាកាន់តែខិតជិតមកដល់។

លោកបន្ថែមថា៖ «ការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ នឹងត្រូវនៅថ្ងៃទី២១ ខែមីនាគឺចំពេលដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តរបស់យើងហេតុនេះយើងបានកំណត់ច្បាស់លាស់ក្នុងការរៀបចំដោយលិខិតនិងឯកសារនានាដែលសម្របសម្រួលគឺសម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពក្នុងការស្នើសុំព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រទាននូវភ្លើងព្រះអគ្គីកីឡានេះ»។

ការយកភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះគឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាGANEFOឆ្នាំ១៩៦៦ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។នេះជារបៀបរបបប្រពៃណីនិងតាមគន្លងកីឡារបស់យើងក្នុងប្រវត្តិសាស្ត្រយើងដែរ។

តាមការគ្រោងទុកបន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានៅខេត្តសៀមរាបនាថ្ងៃទី២១ខែមីនាឆ្នាំ២០២៣ខាងមុខនេះគឺការរត់ភ្លើងគប់នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប រួចបន្តទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមផែនការលម្អិតច្បាស់លាស់របស់ CAMSOC។
យើងនឹងរៀបចំការរត់ភ្លើងគប់នៅវង់តូចអង្គរ១ជុំហើយថែរក្សាភ្លើងគប់នេះហោះហើរទៅកាន់ប្រទេសហ្វីលីពីនដែលជាប្រទេសរៀបចំពិធីរត់ភ្លើងគប់និងបណ្តាប្រទេសផ្សេងៗទៀតទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។

ចុងក្រោយរត់នៅប្រទេសឡាវមុនពេលរត់ភ្លើងគប់នេះនៅជុំវិញបឹងទន្លេសាបរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕សរន