ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមអ្នកវិទ្យាសាស្ត្រឈានមុខ ដែលផ្តល់ដំបូន្មានដល់អង្គការសុខភាពពិភពលោក (WHO)បាននិយាយថា ពួកគេចង់បាន “រូបភាពប្រាកដនិយមបន្ថែមទៀត” អំពីស្ថានភាពកូវីដ១៩ ពីអ្នកជំនាញកំពូលរបស់ចិននៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយកាលពីថ្ងៃអង្គារទី៣មករា ខណៈការព្រួយបារម្ភបានកើនឡើងអំពីការរាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូរ៉ូណា។
WHOបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិនឱ្យចូលរួមកិច្ចប្រជុំបិទទ្វារតាមអនឡាញមួយកាលពីថ្ងៃអង្គារជាមួយនឹងក្រុមប្រឹក្សាបច្ចេកទេសរបស់ខ្លួនស្តីពីការវិវត្តនៃមេរោគដើម្បីបង្ហាញទិន្នន័យអំពីមេរោគបំប្លែងដែលកំពុងចរាចរនៅក្នុងប្រទេស។ កិច្ចប្រជុំនេះមិនបើកចំហចំពោះសាធារណជនឬប្រព័ន្ធផ្សព្វផ្សាយទេ។
ចិនបានដកវិធានការកូវីដសូន្យរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ ២០២២។ ករណីឆ្លងកូវីដ១៩ឥឡូវនេះកំពុងកើនឡើង ប៉ុន្តែទិន្នន័យផ្លូវការមានភាពយឺតយ៉ាវណាស់។
វេជ្ជបណ្ឌិត ម៉ារៀន គូបមែន (Marion Koopmans) អ្នកឯកទេសខាងមេរោគជនជាតិហូឡង់ដែលអង្គុយនៅគណៈកម្មាធិការ WHO បាននិយាយថា”យើងចង់ឃើញរូបភាពជាក់ស្តែងបន្ថែមទៀតនៃអ្វីដែលកំពុងកើតឡើង”។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅមុនកិច្ចប្រជុំ លោកស្រីបាននិយាយថា ទិន្នន័យមួយចំនួនពីប្រទេសចិន ដូចជាចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺ “មិនគួរឱ្យជឿជាក់ជាខ្លាំង។វាជាប្រយោជន៍របស់ចិនខ្លួនឯងទេក្នុងការបង្ហាញព័ត៌មានដែលគួរឱ្យទុកចិត្តបន្ថែមទៀត”។
សាស្ត្រាចារ្យ ទូលីយ៉ូ ដេ អូលីវើរ៉ា (Tulio de Oliveira) អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងដែលអង្គុយក្នុងគណៈកម្មាធិការនេះផងដែរ ហើយក្រុមរបស់គាត់បានរកឃើញមេរោគបំប្លែងថ្មីមួយចំនួន បាននិយាយថា “ជាការពិត” វាជាការល្អក្នុងការទទួលបានព័ត៌មានបន្ថែមពីប្រទេសចិន ប៉ុន្តែនេះក៏អនុវត្តជាសកលផងដែរ៕
វេជ្ជបណ្ឌិត ម៉ារៀន គូបមែន ទិន្នន័យមួយចំនួនពីប្រទេសចិន ដូចជាចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺ “មិនគួរឱ្យជឿជាក់ជាខ្លាំង”