ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រីស្ទាណូ រ៉ូណាល់ដូត្រូវបានបង្ហាញខ្លួនជាកីឡាករចំណូលថ្មីរបស់ក្លិបអារ៉ាប៊ីសាអូឌីត Al Nassrកាលពីថ្ងៃអង្គារទី៣មករាដោយប្រធានក្លិបមួយនេះបាននិយាយថាកីឡាករព័រទុយហ្គាល់ដ៏អស្ចារ្យរូបនេះសមនឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើភពផែនដី។
រ៉ូណាល់ដូបាននិយាយថា គាត់បានបដិសេធ “ក្លិបជាច្រើន” នៅជុំវិញពិភពលោកដើម្បីបំពេញការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកីឡា ដែលអាចរកចំណូលដល់គាត់រហូតដល់ ២០០ លានដុល្លារក្នុងមួយឆ្នាំ។
ប្រធានក្លិប Al Nassr លោក មូសាលី អាល់មូអាមម៉ា (Musalli Almuammar) មិនបញ្ជាក់ពីតួលេខពិតប្រាកដនៅក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះនោះទេ។
លោកអាល់មូអាមម៉ាបាននិយាយថា “គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដូច្នេះជារឿងធម្មតាទេដែលគាត់នឹងមានប្រាក់ខែឬតម្លៃពលកម្មខ្ពស់បំផុត។ នេះជាអ្វីដែលគាត់ពិតជាសមនឹងទទួលបាន ដូច្នេះចំនួនប្រាក់ដែលគាត់នឹងទទួលបាន គាត់ពិតជាស័ក្តិសម”។
រ៉ូណាល់ដូត្រូវបានបង្ហាញមុខដល់អ្នកគាំទ្ររាប់ពាន់នាក់នៅកីឡដ្ឋាន Mrsool Park របស់ Al Nassr អមជាមួយការបាញ់កាំជ្រួចនិងការបាញ់ផ្សែងលម្អ។
អតីតខ្សែប្រយុទ្ធ Manchester United, Real Madrid និង Juventus រូបនេះនឹងលេងនៅលីក Saudi Pro League បន្ទាប់ពីបដិសេធសំណើពីអឺរ៉ុប អាម៉េរិកខាងជើងនិងទ្វីបដទៃទៀត។
រ៉ូណាល់ដូបាននិយាយក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំមានមោទនភាពណាស់ក្នុងការសម្រេចចិត្តដ៏ធំនេះក្នុងជីវិតរបស់ខ្ញុំ។ នៅអឺរ៉ុប ការងាររបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ ខ្ញុំបានឈ្នះគ្រប់យ៉ាង ហើយបានលេងឱ្យក្លិបសំខាន់ៗនៅអឺរ៉ុបអស់ហើយ។ នេះជាការប្រជែងថ្មី”៕
រ៉ូណាល់ដូរំពឹងរកបាន២០០លានដុល្លារក្នុងមួយឆ្នាំនៅក្លិប Al Nassr
គ្រីស្ទាណូ រ៉ូណាល់ដូ អះអាងថា លោកបានបញ្ចប់ការពិនិត្យសុខភាពក្រោយឈានជើងជាន់ទីក្រុងរីយ៉ាត