ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រេស៊ីលបាននិយាយលាចុងក្រោយទៅកាន់លោកប៉េឡេកាលពីថ្ងៃអង្គារទី៣មករាដោយបញ្ចុះសពវីរបុរសដែលបានបង្រួបបង្រួមប្រទេសបែកបាក់គ្នាយ៉ាងជូរចត់នេះ។
លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ប្រធានាធិបតីទើបតែស្បថកាន់តំណែងថ្មីថ្មោងបានគោរពសពនៅកីឡដ្ឋាន Vila Belmiro ជាកីឡដ្ឋានដែលប៉េឡេលេងបាល់អាជីពភាគច្រើនរបស់គាត់។
ប៉េឡេបានស្លាប់កាលពីសប្តាហ៍មុននៅអាយុ ៨២ ឆ្នាំ ហើយត្រូវបានបញ្ចុះនៅទីក្រុងសាន់តូស (Santos)ជាទីក្រុងដែលគាត់មានឈ្មោះល្បីល្បាញបន្ទាប់ពីផ្លាស់ទៅទីនោះនៅអាយុ ១៥ ឆ្នាំដើម្បីលេងឱ្យក្លិប Santos FC ។ ពិធីបុណ្យសពដ៏ធំត្រូវបានប្រារព្ធឡើងនៅកីឡដ្ឋាន Vila Belmiro របស់ក្លិបមុនពេលមឈូសខ្មៅរបស់គាត់ត្រូវបានដឹកឆ្លងកាត់ដងផ្លូវនានានៃទីក្រុងសាន់តូសតាមរថយន្តពន្លត់អគ្គិភ័យ។
សពត្រូវបានយកទៅទីបញ្ចុះសព ខណៈក្រុមតន្ត្រីបានលេងបទចម្រៀងផ្លូវការរបស់ក្លិបនិងភ្លេងរ៉ូម៉ាំងកាតូលិក។ មុនពេលមឈូសស្រោបមាសមកដល់ អ្នកចូលរួមបានច្រៀងបទសាំបាដែលប៉េឡេចូលចិត្ត។
វីរបុរសបាល់ទាត់ប្រេស៊ីលមួយចំនួនមិនបានស្ថិតនៅទីនោះទេ។
លោក ក្លោឌីអូន័រ អាល់វេស (Claudionor Alves)អាយុ ៦៧ ឆ្នាំដែលធ្វើការនៅហាងនំបុ័ងក្បែរកីឡដ្ឋានបានសួរថា “តើរ៉ូណាល់ដូ ណាហ្សារីអូ (Ronaldo Nazario) នៅឯណា?តើកាកានៅឯណា? តើនីម៉ានៅឯណា? តើពួកគេគិតថាពួកគេនឹងត្រូវបានចងចាំដូចប៉េឡេ? អ្នកទាំងនេះមិនចង់បញ្ឈប់វិស្សមកាលរបស់ពួកគេទេ នោះហើយជាបញ្ហា”៕
សពប៉េឡេត្រូវបានដង្ហែកាត់ក្រុងសាន់តូសទៅកាន់ទីបញ្ចុះសពកាលពីថ្ងៃអង្គារ