ដោយៈ ប.ខុន / ភ្នំពេញៈ ផលត្រីសម្រាប់ធ្វើប្រហុកផ្អក ដែលគេចាប់បាន នៅតាមគន្លងដាយ ក្នុងដងទន្លេសាប នាព្រឹកថ្ងៃទី៤ មករានេះ ចាប់ផ្តើមមានការថយចុះ បន្ទាប់ពីធាតុអាកា ​មានការប្រែប្រួល ធ្វើឱ្យហ្វូងត្រី លែងចេញពីបឹងទន្លេសាប។ អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី ជួលពីរដ្ឋបាលជលផល រំពឹងថា ផលចាប់ត្រី សម្រាប់ធ្វើប្រហុកផ្អក អាចនឹងកើតឡើងច្រើនម្តងទៀត នៅក្នុងខ្នើតខែក្រោយ។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល នៅជួរលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ថាៈ​ផលត្រីសម្រាប់ធ្វើប្រហុកផ្អក ចាប់បាននៅថ្ងៃនេះ (៤មករា) បានថយចុះ បន្ទាប់ពីធាតុអាកាស មានការប្រែប្រួល កាលពីយប់មិញ ធ្វើឱ្យហ្វូងត្រី លែងចេញ ពីបឹងទន្លេសាប ។

អ្នកនេសាទខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីថ្ងៃម្សិលមិញ ផលចាប់លើកម្តង ក្នុងរយៈពេលកន្លះម៉ោង បានត្រីពី ១០០ ទៅ ២០០ គីឡូក្រាម តែនៅព្រឹកនេះ លើកម្តង បានត្រីមិនដល់ ១០០ គីឡូក្រាមទេ ក្នុងរយៈពេលកន្លះម៉ោង ។ នៅពេលផល ចាប់បានតិច តម្លៃត្រីនៅថ្ងៃនេះ បានឡើង មួយគីឡូក្រាមដល់ ២.០០០ រៀល ។ ត្រីសម្រាប់ធ្វើប្រហុក ផ្អក អាចចាប់បានច្រើនម្តងទៀត នៅខ្នើតខែក្រោយ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ ខែមករាថាៈ ផលចាប់ត្រី នៅភាគខាងលើ ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅ ថ្ងៃនេះ ក្នុងរយៈពេលមួយម៉ោង បានត្រីប្រមាណពី ៨០ ទៅ ១០០ គីឡូក្រាម។ តែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលកន្លះម៉ោង លើកម្តង បានត្រីពី ៥០ ទៅ ១០០ គីឡក្រាម។ ផលត្រីចាប់បានមានការថយចុះ បន្ទាប់ពីធាតុអាកាស ផ្លាស់ប្តូរ (ភ្លៀងរលឹម)។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណជនជនថាៈ ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសនៅតាមគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ១២ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលពីព្យុះភ្លៀង។

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសរសេរទៀតថាៈ អាស្រ័យដូច បានជំរាបជូន ខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុកផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមករកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមាន នៅក្នុងសេចក្តីជូនដំណឹងនេះ។

ក្នុងលិខិតជូនដំណឹង បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច​​ ជួយបង្ក លក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្ម រុញមកពីភាគខាងក្រោម (ត្បូង) នៃសមុទ្រចិនខាងត្បូង ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយទៅមធ្យម។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ​បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៨ ទៅ ២១ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយទៅមធ្យម ដោយអន្លើ និងអាចមានខ្យល់បក់ ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រ ក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ ៕ V / N