ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធទី៣មករាបានប្រកាសលើកលែងទោសអ្នកទោស៧.០០០នាក់ដើម្បីកត់សំគាល់ទិវាឯករាជ្យជាតិ ក្រោយការបង្ហាញកម្លាំងប្រដាប់អាវុធមួយនៅក្នុងរដ្ឋធានីណៃពីដោរ នៅពេលតែប៉ុន្មានថ្ងៃក្រោយពីតុលាការនៃប្រទេសនេះបន្ថែមទោសលើអតីតមដឹកនាំស៊ីវិល អ៊ុង សានស៊ូជី អោយជាប់គុកសរុបដល់ទៅ៣៣ឆ្នាំ។
សូមបញ្ជាក់ថា ភាគច្រើននៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានញាំញីដោយការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាលនិងពួកឧទ្ទាមប្រឆាំងរដ្ឋប្រហារ ដែលអាជ្ញាធរចាត់ទុកថាជាពួកភេរវករចាប់តាំងពីយោធាដណ្តើមអំណាចកាលពីជិតពីរឆ្នាំមុន។
អាជ្ញាធរដែលទើបបញ្ចប់សវនាការលើលោកស្រីស៊ូជី កំពុងត្រៀមធ្វើការបោះឆ្នោតជាថ្មីនៅឆ្នាំនេះ ដែលអាម៉េរិកចាត់ទុកថាជា«ការបោកបញ្ឆោត»។
រថក្រោះ យានផ្ទុកកាំជ្រួច និងរថពាសដែក បានបើកកាត់រដ្ឋធានីណៃពីដោរទាំងព្រឹកក្នុងព្យុហយាត្រាយោធាមួយ ដើម្បីកត់សំគាល់ខួបទី៧៥ឆ្នាំដែលប្រទេសនេះទទួលបានឯករាជ្យភាពពីអង់គ្លេស។បុគ្គលិករដ្ឋនិងសិស្សានុសិស្សបានដើរពីក្រោយក្បួនយោធា អមដោយក្រុមភ្លេងយោធាមួយ នៅពេលព្រាបចំនួន៧៥០ត្រូវបានព្រលែងដើម្បីកត់សំគាល់ព្រឹត្តិការណ៍។
ក្រោយមកក្នុងថ្ងៃដដែល របបយោធាបានប្រកាសថាខ្លួននឹងដោះលែងអ្នកទោស៧.០១២នាក់ដើម្បីកត់សំគាល់ព្រឹត្តិការណ៍នេះដែរ តែមិនបានបញ្ជាក់ថាអ្នកដែលត្រូវបានដោះលែងមានអ្នកទោសនយោបាយឬក្រុមជនបះបោរដែរឬអត់។
អ្នកនាំពាក្យយោធាមិនបានឆ្លើយនឹងសំណួរអ្នកកាសែតដែលថា តើលោកស្រីអ៊ុង សាន ស៊ូជី នឹងត្រូវផ្ទេរពីគុកទៅកាន់ការឃុំខ្លួនក្នុងផ្ទះដែរឬទេ ជាផ្នែកនៃការលើកលែងទោសនេះ។
ក្នុងសុន្ទរកថាទៅកាន់កងទ័ព ប្រមុខយោធា មីន អ៊ុង ហ្លាំង បានចោទប្រកាន់ប្រទេសខ្លះថា«ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា»និងថាយោធាបានពិភាក្សាជាមួយបណ្តាបក្សនយោបាយអំពីប្រព័ន្ធបោះឆ្នោតតំណាងសមមាត្រ។
ពួកអ្នកវិភាគនិយាយថា របបយោធាអាចលុបចោលប្រព័ន្ធបោះឆ្នោតដែលបានជួយអោយគណបក្សរបស់ស៊ូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៥និង២០២០៕
របបសឹកមីយ៉ាន់ម៉ាតែងធ្វើការដោះលែងអ្នកទោសដើម្បីកត់សំគាល់ពិធីបុណ្យធំៗប្រចាំឆ្នាំ រួមមានបុណ្យឯ្រាជ្យជាតិនិងចូលឆ្នាំថ្មី