ដោយៈ ប.ជ័យ / បន្ទាយមានជ័យ មន្ត្រី និងក្រុមហ៊ុន នៅព្រលប់ថ្ងៃទី៣​ ខែមករា​ ឆ្នាំ ២០២៣ បានអះអាងឱ្យដឹងថាៈ លុយនិងឯកសារ នៅក្នុងទូដែកទាំង៧ នៅមានសុវត្ថិភាព ក្រោយពីបានរកឃើញ​ពីការរងមហន្តរាយដោយអគ្គិភ័យ កាស៊ីណូ​ (Poipet Resort ) ដែលឆេះជាមួយកាស៊ីណូ​ ហ្គ្រែនដាយម៉ិន ស៊ីធី (Grand Doamond city ) កាលពីម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនោះ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន អនុគណ:កម្មការ សម្របសម្រួល ការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិន និង ប៉ោយប៉ែត រីសត (ដែលខូចខាតដោយអគ្គិភ័យ) បានប្រាប់រស្មីកម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ថា: ពេលក្រុមការងារបច្ចេកទេស រុះរើសម្អាតកាស៊ីណូ ដែលឆេះទៅដល់ចំណុចណា តែងឱ្យអ្នកទទួលខុសត្រូវ ក្រុមហ៊ុនកាស៊ីណូ ដែលឆេះ ទៅពិនិត្យ និងយកទ្រព្យ របស់របរ នៅសេសសល់ ដើម្បីយកចេញ ។ ក្នុងនោះ កាលពីម្សិលមិញ សមត្ថកិច្ច ​បានរកឃើញ ទូដែកធំៗ​ចំនួន៧ នៅក្នុងបាតអគារ នៃកាស៊ីណូប៉ោយប៉ែត​ ហើយបានស្ទូចយកចេញ មក ហើយក្នុងទូដែកទាំងនោះ អ្វីៗនៅមានសុវត្ថិភាពនៅឡើយ។

ប៉ុន្តែបន្ទាប់មក លោក ង៉ោ ម៉េងជ្រួន បានចៀសវាងពីការនិយាយថាៈ ក្នុងទូដែកធំៗ ទាំងនោះ មានរក្សាលុយយ៉ាងច្រើន ហើយនៅមានសុវត្ថិភាព ពីភ្លើងឆេះ ។ លោកបាន និយាយថាៈ ករណីលុយ និងទូដែកនោះ មិនដឹងបានពីណាមកទេ អនុគណ:កម្មការ របស់លោកមិនបានដឹងទេ ។

ចំណែកលោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់រស្មី កម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែមករា នេះដែរថា: លុយនិងឯកសារ​ក្នុ ងទូដែកធំៗ ទាំង ៧ នោះ នៅមានសុវត្ថិភាពទេ។ ភ្លើងមិនឆេះខូចខាតដល់វត្ថុមានតម្លៃ (លុយ និងឯកសារ) នៅខាងក្នុងនោឡើយ ប៉ុន្តែគេមិនដឹងពីចំនួនលុយទាំងនោះទេ។

ទោះបីជាយ៉ាងណា លោកបានបង្ហើបថាៈ លុយនិងឯកសារទាំងនោះ ត្រូវបានមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងតំណាងក្រុមហ៊ុនកាស៊ីណូ បានធ្វើពិធីខ្លី ក្នុងការប្រគល់-ទទូល ទូដែកដែលមានផ្ទុកនូវ ឯកសារ និងលុយ ទាំងនោះរួចហើយ។ វានៅមានសុវត្ថិភាពទេ វាឆេះតែខាងក្រៅៗទូដែក ប៉ុណ្ណោះ ។ ប៉ុន្តែលោក បានបញ្ជាក់ថាៈ អាជ្ញាធរ និងសមត្ថកិច្ច ក្តាប់មិនបានពីចំនួនទឹក ប្រាក់ និងឯកសារអ្វីខ្លះនោះឡើយ ។

ចំណែកបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ត្រូវគេស្រង់សំដី ដូចដែលនិយាយ កាលពីថ្ងៃទី៣ ខែមករាថាៈ “មេថា លុយ និងឯកសារ ក្នុងទូដែកនោះ នៅល្អទេ “។

សូមរំលឹកថា បន្ទាប់ពីឧបទ្ទវហេតុអគ្គិភ័យឆេះកាស៊ីណូ ដាយមេន ស៊ីធី (Grand Diamond City ) និងកាស៊ីណូ ( Poipet Resort ) នាតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នាភូមិប៉ោយប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២ ហើយរលត់ គ្រប់គ្រងបានទាំងស្រុង នៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ហើយបិទបញ្ចប់ការសង្គ្រោះ រុករកជនរងគ្រោះ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដដែលនេះ ។

កម្លាំងប្រតិបត្តិការ បានរកឃើញអ្នកស្លាប់សរុបចំនួន ២៦ នាក់ និងអ្នករបួសចំនួន ៥៧ នាក់ ក្នុងនោះ ទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរទេ។ សម្រាប់សហប្រតិបត្តិការ ជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជា ប្រើប្រាស់កម្លាំង ១.០០៩ នាក់ និងខាងថៃចំនួន​ ២២១ នាក់ ព្រមទាំងមធ្យោបាយ សម្ភារ:ឧបករណ៍យ៉ាងច្រើន និងប្រើប្រាសបច្ចេកទេសចម្រុះ ៕/V-PC