ដោយៈ ប.ជ័យ / បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីមិទ្ទិញអបអររំលឹកខួបអនុ ស្សាវរីយ៍ លើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) នៅស្នាក់ការគណបក្សក្រុងប៉ោយប៉ែត និងការពារ សុវត្ថិភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហាររូបករណ៍ សិស្ស-និសិ្សតក្រីក្រ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និសិ្សត ជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ បរិញ្ញបត្ររង នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអាន ផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់ កងកម្លាំងនគរបាល ដើម្បីបែងចែកការងារ តួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធ ភាព តាមផែនការដែលបានកំណត់។

លោកបានបន្តថាៈ គោលបំណងសំដៅធានាបានទាំងស្រុង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលនឹងអញ្ជើញចូលរួម​ក្នុងកម្មវិធី ខាងលើ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ៕/V-PC