ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថាៈ ការចូលរួមរបស់សហគមន៍ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង តាមរយៈការលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងស្ថាបនាផ្លូវ ដែលបង្ហាញការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍភូមិ ឃុំ ឱ្យមានការរីកចម្រើន ក្រោមដំបូលនៃ សុខសន្តិភាព។

ការលើកឡើងបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនៅក្នុងពេលលោក និងក្រុមការងារ បានចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែ ដែលកសាងដោយសហគមន៍ នៅភូមិកំរែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ។

នៅក្នុងការចុះពិនិត្យ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានលះបង់ថវិកា កម្លាំង ក្នុងការអភិវឌ្ឍភូមិ ឃុំ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ នេះគឺជាកម្លាំងសាមគ្គីមួយ ក្នុងការធ្វើឱ្យសម្រេច នូវសមិទ្ធផលដែលយើងចង់បាន។

លោកអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមឱ្យចូលរួមបន្តទៀត ដើម្បីធ្វើការអភិវឌ្ឍភូមិ ឃុំឱ្យបានល្អ និងចូលរួមការពារថែរក្សា សុខសន្តិភាព ឱ្យបានយូរអង្វែង ដែលរាជរដ្ឋាភិបាល ដែលរកបានដោយលំបាក។

ក្នុងឱកាសនោះ លោក ងួន រតនៈ និងក្រុមការងារ បានចូលរួមឧបត្ថម្ភ នូវស៊ីម៉ង់ត៍ចំនួន ៦០ តោន និងថ្មខ្មៅ ១គុណ២ ចំនួន ១០០ ម៉ែត្រគូប ហើយក្នុងនោះ ម្ចាស់គម្រោងដីឡូតិ៍ សុខសាន្ត ក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ ចំនួន ២០ តោន ដែលនេះ គឺជាជំហានដំបូង ក្នុងការចូល រួមឧបត្ថម្ភគាំទ្រ ជាមួយនឹងប្រជាពលរដ្ឋ ដែលបានខិតខំលះបង់ ទាំងថវិកា ទាំងកម្លាំង។

លោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បានថ្លែងថាៈ ផ្លូវបេតុងប្រមាណជាង ១.៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ១,៥ ម៉ែត្រ គឺជាថវិការបស់មូលនិធិ ឃុំ សង្កាត់ ចំណែកឯផ្លូវ បេតុងប្រមាណជិត ៤០០ ម៉ែត្រ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋ សុទ្ធសាធ ដែលបាន លះបង់ថវិកា និងកម្លាំង មកសាងសង់ផ្លូវនេះ។

លោកបានបញ្ជាក់ថាៈ ផ្លូវបេតុងនេះ ប្រជាពលរដ្ឋ ធ្វើតែពេលយប់ទេ ដោយសារពេលថ្ងៃ ប្រជាពលរដ្ឋ ជាប់រវល់ទៅធ្វើការងាររបស់ខ្លួន។ ក្នុងនាមអាជ្ញាធរសង្កាត់ លោកបានថ្លែង អំណរគុណ ចំពោះអភិបាលខេត្តកំពង់ធំ និងក្រុមការងារ ដែលបានផ្ដល់ជាសម្ភារៈ សម្រាប់ឱ្យបងប្អូន បន្តការសាងសង់ផ្លូវបេតុង បន្ថែមទៀត៕ V / N