ដោយៈ ជា សីហៈ/ភ្នំពេញៈ នាថ្ងៃប្រារព្ធអង្គពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករានៅថ្ងៃខាងមុខ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថា នឹងមាន កម្មវិធីសិល្បៈដែលសំដែងដោយសិល្បៈករនិងសិល្បៈការនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងក្រុមគុនល្បុក្កតោនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

ពាក់ព័ន្ធនឹងកម្មវិធីនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី សម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាព ក្នុងឱកាសនោះរួចរាល ។

គួររំលឹកថា ដំណើរការពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករកីឡាការិនី សម្រាប់ត្រៀមការសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា។

សិល្បៈទស្សនីយភាពសម្រាប់យកមកសម្តែង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នេះ គឺបានសម្រិតសម្រាំងនូវសិល្បៈជាច្រើនទម្រង់បូកបញ្ចូលគ្នា ដោយបានបង្ហាញពីភាពដ៏អស្ចារ្យ និងច្នៃប្រឌិតនៃដូនតាខ្មែរជំនាន់ដើម ដូចជាវង់ភ្លេងកន្ត្រឹមមិញ របាំក្បាច់បុរាណ ក្បាច់គុនល្បុក្កតោ ក៏ដូចជាការបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការបង្កបង្កើនផល ផ្នែកកសិកម្ម និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរឡើងឥតឈប់ឈរ៕/R