ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតម្ចាស់ក្រុមហ៊ុនរៀបចំពិធីបុណ្យសពរបស់រដ្ឋខូលូរ៉ាដូត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២០ឆ្នាំកាលពីថ្ងៃអង្គារទី៣មករាពីបទឆបោកសាច់ញាតិរបស់អ្នកស្លាប់ដោយការកាត់យកបំណែកសាកសពចំនួន ៥៦០ នាក់និងលក់គ្រឿងក្នុងសាកសពដោយគ្មានការអនុញ្ញាត។
លោកស្រី មេហ្គាន ហេស (Megan Hess)អាយុ ៤៦ ឆ្នាំបានសារភាពទោសក្នុងករណីឆបោកនេះកាលពីខែកក្កដា។ លោកស្រីបានបើកក្រុមហ៊ុនរៀបចំពិធីបុណ្យសព ឈ្មោះ Sunset Mesa និង ក្រុមហ៊ុនបម្រើសេវាកម្មបរិច្ចាគសរីរាង្គ Donor Services ពីអគារតែមួយនៅទីក្រុងម៉ុនត្រូសេ (Montrose) រដ្ឋខូឡូរ៉ាដូ។ ការជាប់គុក ២០ឆ្នាំគឺជារយៈពេលអតិបរមាដែលត្រូវបានអនុញ្ញាតនៅក្រោមច្បាប់។
ម្តាយរបស់លោកស្រីហេសអាយុ ៦៩ ឆ្នាំឈ្មោះ សឺលី កុច (Shirley Koch)ក៏បានសារភាពទោសពីករណីឆបោកនេះដែរ ហើយត្រូវបានកាត់ទោសជាប់គុក ១៥ ឆ្នាំ។ កំណត់ត្រារបស់តុលាការបង្ហាញថា តួនាទីស្នូលរបស់លោកស្រីកុចគឺកាត់សាកសព។
រដ្ឋអាជ្ញា លោក ធីម ណេហ្វ (Tim Neff) បាននិយាយនៅក្នុងឯកសាររបស់តុលាការថា”ហេសនិងកុចបានប្រើកន្លែងរៀបចំពិធីបុណ្យសពរបស់ពួកគេនៅពេលមួយដើម្បីលួចសាកសពនិងផ្នែកនៃសាកសពដោយប្រើប្រាស់ទម្រង់បរិច្ចាគក្លែងបន្លំ និងឆបោក។ ការប្រព្រឹត្តរបស់ហេសនិងកុចបណ្តាលឱ្យមានការឈឺចាប់ផ្លូវចិត្តយ៉ាងសម្បើមសម្រាប់ក្រុមគ្រួសារនិងញាតិសន្តានរបស់សព”។
ករណីសហព័ន្ធត្រូវបានជំរុញឱ្យធ្វើឡើងដោយសារការស៊ើបអង្កេតជាបន្តបន្ទាប់របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងឆ្នាំ ២០១៦-២០១៨ អំពីការលក់គ្រឿងក្នុងសាកសពនៅក្នុងសហរដ្ឋអាម៉េរិកដែលជាឧស្សាហកម្មមួយស្ទើរតែគ្មានការគ្រប់គ្រង។
អតីតបុគ្គលិកបានប្រាប់រ៉យទ័រថា ហេសនិងកុចបានរៀបចំការវះកាត់សាកសពដោយគ្មានការអនុញ្ញាត ហើយប៉ុន្មានសប្តាហ៍បន្ទាប់ពីរឿងរ៉ាវឆ្នាំ ២០១៨ ត្រូវបានផ្សព្វផ្សាយ ទីភ្នាក់ងារ FBI បានឆ្មក់បង្ក្រាបក្រុមហ៊ុនរបស់លោកស្រីហេស។
នៅក្នុងឯកសាររបស់ពួកគេ រដ្ឋអាជ្ញាបានសង្កត់ធ្ងន់លើ “ចរិតដ៏សាហាវ” នៃគម្រោងការណ៍របស់លោកស្រីហេស ហើយបានពណ៌នាថាវាជាករណីសរីរាង្គសាកសពដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិកនាពេលថ្មីៗនេះ។
ចៅក្រមអាម៉េរិកលោកស្រី គ្រីស្ទីន អាគ្វេឡូ (Christine Arguello) បាននិយាយក្នុងអំឡុងសវនាការកាត់ទោសកាលពីថ្ងៃអង្គារនៅទីក្រុងហ្គ្រែនចាំងសិន (Grand Junction) រដ្ឋខូឡូរ៉ាដូ ថា “នេះគឺជាករណីដ៏រំជួលចិត្តបំផុតដែលខ្ញុំធ្លាប់ជួបប្រទះនៅកៅអីចៅក្រម”។
“វាធ្វើឱ្យតុលាការព្រួយបារម្ភ ដែលចុងចោទហេសបដិសេធមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន”។
ចៅក្រមបានបង្គាប់ឱ្យបញ្ជូនហេសនិងកុកទៅពន្ធនាគារភ្លាមៗតែម្តង៕
លោកស្រី មេហ្គាន ហេស ជាប់គុក២០ឆ្នាំពីបទលក់សរីរាង្គសាកសពដោយគ្មានការអនុញ្ញាត