ដោយ: បូកគោ / កំពត: ក្រុមហ៊ុនសុខាអូតែល បានចាប់ដំណើរការសាងសង់ រូបព្រះពុទ្ធបដិមា ដែលមានកម្ពស់ ១០៨ ម៉ែត្រ នៅលើភ្នំបូកគោ ក្នុងគម្រោងចំណាយជាង ៣៣ លានដុល្លារ ដើម្បីប្រែក្លាយតំបន់នេះ ជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំ សម្រាប់កម្ពុជា និងពិភពលោក។

តាមការប្រាប់ឲ្យដឹង ពីតំណាងក្រុមហ៊ុនសុខាអូតែលថាៈ សំណង់រូបពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រ ឬស្មើនឹង ៩៦២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ សង់នៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះជាព្រះពុទ្ធបដិមាដ៏ធំ និងខ្ពស់ជាងគេ នៅកម្ពុជា ហើយក៏ស្ថិតក្នុងចំណោមព្រះពុទ្ធបដិមា ដែលមានកម្ពស់ខ្ពស់ៗ លើពិភពលោកផងដែរ។

តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់ថាៈ ព្រះពុទ្ធបដិមានេះ ធ្វើពីបេតុងអាមេ រំលេចដោយពណ៌មាស បែរភក្ត្រទៅទិសខាងកើត។ ព្រះអង្គមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ដោយចនាបថបាយ័ន ដែលជារចនាបថកំពូល នៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១៣។ ចំណែក ខឿនផ្ទាល់ដី មានបណ្តោយ ២៤៨ ម៉ែត្រ ទទឹង ១៨៦ ម៉ែត្រ និងមានជណ្តើរធំបួន អមដោយបង្កាន់ដៃនាគ តំណាងឲ្យទិសធំៗទាំងបួន តាមលំនាំរចនាបថអង្គរវត្ត។

តំណាងក្រុមហ៊ុនសុខាអូតែល បានបន្តថាៈ ខឿនជាន់ទីមួយ មានក្តារបែន ឬរានហាល នៅចំពីមុខព្រះពុទ្ធបដិមា សម្រាប់ប្រារព្ធពិធីសាសនា និងមានជណ្តើរ ចំនួនប្រាំបី សម្រាប់ឡើងទៅកាន់ទីសក្ការៈ នៃព្រះពុទ្ធបដិមា។ គម្រោងសាងសង់នេះ នឹងប្រើរយៈពេល បួនឆ្នាំក្រោមកញ្ចប់ថវិកាជាង ៣៣ លានដុល្លារ។

បញ្ជាក់ឲ្យដឹងក្នុងពិធីបញ្ចុះបឋមសិលាសាសង់ពុទ្ធបដិមា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថាៈ ក្រោយមានការឯកភាពលើគម្រោងប្លង់ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងបានកិច្ចគាំទ្រ ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ ឲ្យក្រុមហ៊ុនសុខាអូតែល សាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ការអនុញ្ញាតនេះ បានធ្វើឡើង តាមរយៈលិខិតលេខ៧៣០ សជណ.ដប ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ១៥៨០ សជណ.បស្ថ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ បន្ទាប់ពីបានសាងសង់រួចរាល់ តំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយ នៅកម្ពុជា និងសម្រាប់ពិភពលោក ផងដែរ៕/V-PC