ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃពុធទី៤មករាថា ក្មេងប្រុសវៀតណាមអាយុ ១០ឆ្នាំម្នាក់ដែលបានធ្លាក់ចូលទៅក្នុងរណ្តៅចំហរតូចចង្អៀតមួយនៃពុម្ពសសរបេតុងនៅឯការដ្ឋានសំណង់នៅថ្ងៃចូលឆ្នាំសកលត្រូវបានបញ្ជាក់ថាបានស្លាប់ហើយ។
កាសែតអនឡាញ VnExpress បានដកស្រង់សម្តីមន្ត្រីមូលដ្ឋានថា ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលជិត ១០០ ម៉ោងដើម្បីព្យាយាមរំដោះក្មេងប្រុសឈ្មោះ ថៃ លី ហ័រ ណាម (Thai Ly Hao Nam) ចេញពីសសរគ្រឹះប្រវែង ៣៥ ម៉ែត្រ ដែលត្រូវបានខួងចូលទៅក្នុងដី ប៉ុន្តែមិនទទួលជោគជ័យនោះទេ។
លោក ដ័ន តាន់ប៊ូ (Doan Tan Buu) អនុប្រធានខេត្តដុងថាប (Dong Thap)ភាគខាងត្បូង ត្រូវបានដកស្រង់សម្តីថា”អាជ្ញាធរបានកំណត់ថាជនរងគ្រោះបានស្លាប់ហើយនិងកំពុងព្យាយាមយកសាកសពមកធ្វើបុណ្យ”។
ណាមត្រូវគេឮស្រែកយំឱ្យគេជួយភ្លាមៗបន្ទាប់ពីរូបគេធ្លាក់ចូលក្នុងពុម្ពសសរបេតុងដែលមានអង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅការដ្ឋានសាងសង់ស្ពានមួយក្នុងខេត្តដីសណ្តទន្លេមេគង្គមួយនេះ ជាកន្លែងដែលរូបគេនិងមិត្តភក្តិកំពុងដើររកដែកអេតចាយ។
លោកប៊ូនិយាយថា ក្មេងប្រុសនេះបានធ្លាក់ចូលពុម្ពសសរបេតុងមួយដែលមានស៊ីឡាំងតូច ហើយថារូបគេអាចមានរបួសធ្ងន់ធ្ងរច្រើន។
រដ្ឋាភិបាលវៀតណាមបាននិយាយថា កាលពីព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញបានជំរុញឱ្យក្រុមអ្នកជួយសង្គ្រោះនិងអាជ្ញាធរមូលដ្ឋានចល័តឧបករណ៍និងកម្លាំងទាំងអស់ដែលត្រូវការចាំបាច់ដើម្បីសង្គ្រោះក្មេងនេះ។
ទាហាននិងអ្នកជំនាញផ្នែកវិស្វកម្មប្រហែល ១០០ នាក់ត្រូវបានប្រមូលផ្តុំដើម្បីព្យាយាមសង្គ្រោះក្មេងប្រុសនេះ។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការលើកសសរចេញពីរន្ធដៅជម្រៅ ៣៥ ម៉ែត្រដោយបន្ទន់ដីនិងយកភក់និងទឹកចេញដើម្បីកាត់បន្ថយសម្ពាធជុំវិញសសរ៕
ទាហាននិងអ្នកជំនាញផ្នែកវិស្វកម្មប្រហែល ១០០ នាក់ត្រូវបានប្រមូលផ្តុំដើម្បីព្យាយាមសង្គ្រោះក្មេងប្រុសឈ្មោះ ថៃ លី ហ័រ ណាម