ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចិននិងហ្វីលីពីនបានព្រមព្រៀងបង្កើតបណ្តាញទាក់ទងផ្ទាល់ស្តីពីសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះដោយអហិង្សា នេះបើតាមអ្វីដែលប្រទេសទាំងពីរបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលក្រសួងការបរទេសចិនបានចេញកាលពីថ្ងៃព្រហស្បតិ៍ទី៥មករា។
ប្រទេសទាំងពីរបានបញ្ជាក់ឡើងវិញអំពីសារសំខាន់នៃការថែរក្សានិងជំរុញសន្តិភាពព្រមទាំងស្ថិរភាពតំបន់ ហើយនឹងសេរីភាពនាវាចរណ៍រួមទាំងការហោះកាត់សមុទ្រចិនខាងត្បូង ។ពួកគេក៏យល់ព្រមជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងបំណងស្តារឡើងវិញទំហំពាណិជ្ជកម្មអោយដូចកាលពីមុនពេលផ្ទុះកូវីដ១៩។
ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីលបាននិយាយថា ហ្វីលីពីននិងចិននឹងជំរុញកិច្ចសហការលើការធ្វើអាជីវកម្មប្រេងនិងហ្គាសនៅក្នុងតំបន់គ្មានជម្លោះ។
ការសរសេរបង្ហោះរបស់ឯកអគ្គរដ្ឋទូតចិនកើតឡើងក្រោយជំនួបមួយរវាងប្រធានាធិបតីចិន ស៊ី ជីនភីង និងសមភាគីហ្វីលីពីន ហ្វែរឌីណង់ ម៉ាកូស ជូនៀ កាលពីថ្ងៃពុធ។
ក្នុងជំនួបនៅក្រុងប៉េកាំង លោកស៊ី បានសន្យាធ្វើការជាមួយហ្វីលីពីនលើការគ្រប់គ្រងដោះស្រាយបញ្ហាសមុទ្រតាមរយៈការប្រឹក្សាយោបល់ដោយមិត្តភាព បន្តការចរចាលើការធ្វើអាជីវកម្មប្រេងនិងហ្គាស ជំរុញកិច្ចសហការលើការធ្វើអាជីវកម្មប្រេងនិងហ្គាសនៅតំបន់គ្មានជម្លោះ និងសហការគ្នាលើថាមពលបៃតងដូចជា ថាមពលដោយពន្លឺ ខ្យល់និងយានយន្តថាមពលថ្មី៕
ប្រធានាធិបតីចិន ស៊ី ជីនភីង ទទួលជួបសមភាគីហ្វីលីពីននៅក្រុងប៉េកាំងកាលពីថ្ងៃ៤មករា(រូប ស៊ីនហួរ)