ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតីបារាំងបានប្រកាសកាលពីថ្ងៃពុធទី៤មករាថា បន្ទាប់ពីការពិភាក្សាជាមួយសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបារាំងនឹងក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលប្រគល់រថក្រោះឱ្យទៅអ៊ុយក្រែន។
ចំណាត់ការផ្គត់ផ្គង់រថក្រោះ AMX-10 RCដល់អ៊ុយក្រែន ដែលជារថក្រោះធុនស្រាលដាក់ដំណើរការចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០និងកំពុងបញ្ឈប់ការប្រើប្រាស់បណ្តើរៗនៅក្នុងយោធាបារាំង គឺ តំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការគាំទ្រផ្នែកយោធារបស់បារាំងសម្រាប់អ៊ុយក្រែន។
រដ្ឋាភិបាលក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសឱ្យទៅអ៊ុយក្រែនរួចហើយប៉ុន្តែលោកម៉ាក្រុងមានការព្រួយបារម្ភជាយូរមកហើយចំពោះការបង្កកំហឹងជាមួយរុស្ស៊ីនិងការផ្តាច់ទំនាក់ទំនងការទូតជាមួយលោក វ្ល៉ាឌីមៀ ពូទីន។
ជំនួយការរបស់មេដឹកនាំបារាំងបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្ទាប់ពីការហៅទូរស័ព្ទរវាងលោកម៉ាក្រុងនិងលោកហ្សេលេនស្គី ថា “ប្រធានាធិបតីចង់បង្កើន…ជំនួយ”ដល់អ៊ុយក្រែន “ដោយទទួលយកការចែកចាយរថក្រោះធុនស្រាល AMX-10 RC”។
លោកបាននិយាយថា “វាជាលើកទីមួយហើយដែលរថក្រោះរចនាដោយលោកខាងលិចត្រូវបានផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”។
សម្ពន្ធមិត្តណាតូបានបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេជាបណ្តើរៗដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំមុន ដោយបានផ្តល់នូវប្រព័ន្ធសព្វាវុធទំនើបៗកាន់តែច្រើនឡើង ខណៈក៏មានការព្រួយបារម្ភជាសាធារណៈអំពីហានិភ័យនៃជម្លោះកើនឡើងជាមួយរដ្ឋាភិបាលក្រុងមូស្គូផងដែរ។
ការផ្ទេរយន្តហោះចម្បាំង មីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះ ត្រូវគេមើលឃើញថាជាសកម្មភាពបង្កហេតុ ដែលអាចបង្កហានិភ័យដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់បន្ថែមទៀតរវាងរុស្ស៊ីនិងលោកខាងលិច៕
ទាហានអ៊ុយក្រែនឈរលើរថក្រោះ T-80 នៅទីតាំងមិនបញ្ចេញឈ្មោះនៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២