ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានអញ្ជើញជួបណេះសំណាលជាមួយ ថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ នៃការប្រកួតកីឡាជាតិ លើកទី៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡារ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដា្ឋន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថាៈ ការប្រកួតកីឡាថ្នាក់ជាតិ លើកទី១ ទទួលបានមេដាយ សរុប ៥៣ គ្រឿង មាស ២៧ ប្រាក់ ១២ និង សំរឹទ្ធ ១៤ ។ ប្រកួតកីឡាជាតិលើកទី២ ទទួលបានមេដាយសរុប ១៤៩ គ្រឿង មាស ៨៣ ប្រាក់ ៤៣ និងសំរឹទ្ធ ២៣ ។ ​រីឯការប្រកួតកីឡាជាតិលើកទី៣ ទទួលបាន មេដាយ សរុប ២១១ គ្រឿង មាស ១០៣ ប្រាក់ ៥៨ និងសំរឹទ្ធ ៥០ លទ្ធផលនេះ បាននាំឲ្យក្រសួងមហាផ្ទៃ ឈរនៅលំដាប់ទី១ ទូទាំងប្រទេស លើបណ្តាក្រសួង និង រាជធានី ខេត្ត ទាំង២៥ ។

លោកបានបន្តថាៈ ការប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេស ការប្រកួតកីឡា SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម អត្តពលិកក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប ៣៥ គ្រឿង មាស ៧ ប្រាក់ ៨ និងសំរឹទ្ធ ២០ គ្រឿង ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ នៅឆាកអន្តរជាតិវិញ បានបញ្ចូនអត្តពលិក ទៅចូលរួមការប្រកួត នៅប្រទេសមួយចំនួន ដូចជា ចិន, ហូឡង់ដ៍, កូរ៉េ, និងថៃ ជាដើម ដោយទទួលបានមេដាយសរុប ១៥៦ គ្រឿង មាស ៤២ ប្រាក់ ៦៨ និងសំរឹទ្ធ ៤៦ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ ជាការពិតណាស់ បច្ចុប្បន្ននេះ វិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ដោយឡែក វិស័យកីឡា ក្នុងកងកម្លាំងនគរបាលជាតិ ក៏មានសន្ទុះខ្លាំងក្លា ទាំងក្នុងការប្រកួតក្របខណ្ឌជាតិ និងអន្តរជាតិ ។ កត្តាទាំងអស់នេះ គឺដោយមានការជួយឧបត្ថម្ភ និងការគាំទ្រជ្រោមជ្រែងយកចិត្ត
ទុកដាក់ និងកិច្ចសហការពីភាគីពាក់ព័ន្ធនានា ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន ធានាបាននូវ ប្រសិទ្ធភាពការងារ និងគុណភាព នៃការបណ្ដុះបណ្ដាល ធនធានកីឡាករ- កីឡាការិនី ស្របតាមស្ដង់ដារកំណត់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថាៈ កីឡាករ​កីឡាការិនី ក្រសួងមហាផ្ទៃ ទំាងអស់ ត្រូវធ្វើតេស្តកសារធាតុញៀន ជាចាំបាច់ មុននឹងចូលរួម ជាមួយក្រុមកីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ ប្រសិនបើកីឡាករ កីឡាការិនី ទាំងនោះ ពិនិត្យរកឃើញមានសារធាតុញៀន គឺមិនអនុញ្ញាតឲ្យក្លាយជាអត្តពលិក ក្រសួងមហាផ្ទៃឡើយ៕​​ V / N