ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន LG កំពុងរចនាបច្ចេកវិជ្ជាអន្តរកម្មនិងឥតខ្សែសម្រាប់ផ្ទះនាពេលអនាគត។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងមួយនេះបានប្រកាសទូរទស្សន៍ឥតខ្សែទំហំ ៩៧ អ៊ីញនិងទូទឹកកកថ្លាដែលមានទ្វារប្តូរពណ៌ដើម្បីបំពេញតាមអារម្មណ៍របស់អ្នកប្រើនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិក CES។
ការរចនារបស់ទូរទស្សន៍ OLED M3 ថ្មីនេះបានដកចេញនូវតម្រូវការសម្រាប់ខ្សែ ហើយផ្ទុយទៅវិញត្រូវបានបំពាក់តាមរយៈបច្ចេកវិជ្ជា Zero Connect របស់ក្រុមហ៊ុនដែលផ្សាយចេញនូវរលកសញ្ញាគុណភាព HDMI ដល់ទៅជាង ៩ ម៉ែត្រ និងទម្រង់អូឌីយ៉ូជាច្រើន ដែលវាមានខ្សែភ្លើងដោតតែមួយប៉ុណ្ណោះ។
ទូទឹកកកឈ្មោះថា MoodUp ត្រូវបានដំណើរការដោយ App ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសពី ២២ ពណ៌សម្រាប់បន្ទះទ្វារខាងលើ និង ១៩ពណ៌សម្រាប់ទ្វារខាងក្រោមដែលអនុញ្ញាតឱ្យពួកគេប្តូររូបរាងរបស់ទូទឹកកកនិងបរិយាកាសផ្ទះបាយរបស់ពួកគេ។
LG បានបង្ហាញបច្ចេកវិជ្ជាផ្សេងទៀតជាច្រើនក្នុងអំឡុងព្រឹត្តិការណ៍ Media Day ដូចជាទូរទស្សន៍ផ្សេងៗជាច្រើនម៉ូតដែលភ្ជាប់មកជាមួយ Paramount Streaming ប៉ុន្តែទូរទស្សន៍ M3 និងទូទឹកកក MoodUp បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេនៅពិព័រណ៍ឆ្នាំនេះ។
“ផ្ទះអនាគត” គឺជាលំហដែលផ្តល់ឱ្យអ្នករស់នៅនូវបទពិសោធន៍អន្តរកម្ម បច្ចេកវិជ្ជាឥតខ្សែ និងការរចនាដ៏ឆ្លាតវៃ។ ហើយទាំងនេះគឺជាអ្វីដែល LG បានបង្អួតកាលពីថ្ងៃពុធទី៤មករា។
M3 គឺជាទូរទស្សន៍ដំបូងគេដែលលុបបំបាត់ខ្សែដែលត្រូវការដើម្បីតភ្ជាប់ឧបករណ៍ផ្សេងទៀត ដូចជាឧបករណ៍បំពងសំឡេងនិងប្រអប់ស្ទ្រីមជាដើម។
ផ្ទុយទៅវិញ ការច្នៃប្រឌិតថ្មីនេះមានប្រអប់ Zero Connect Box ថ្មីរបស់ LG ដែលអាចដាក់នៅកន្លែងណាក៏បាននៅក្នុងបន្ទប់តែមួយ។
ប្រអប់នេះត្រូវបានរចនាឡើងដោយមានរន្ធដោតជាច្រើនសម្រាប់ឧបករណ៍ផ្សេងទៀត ហើយបញ្ជូនរលកសញ្ញាអូឌីយ៉ូនិងវីដេអូដោយឥតខ្សែទៅកាន់ទូរទស្សន៍ M3។
LG បាននិយាយថា អ្នកប្រើប្រាស់អាចបញ្ជូនវីដេអូរហូតដល់កម្រិត 4K នៅល្បឿន ១២០Hz ដែលជាលក្ខណៈវិនិច្ឆ័យចាំបាច់សម្រាប់ការលេងហ្គេមនិងការផ្សាយស្ទ្រីម។
ហើយមុខងារទាំងអស់នៅលើប្រអប់ Zero Connect Box គឺបញ្ជាដោយសំឡេង៕
ទូរទស្សន៍ M3 និងទូទឹកកក MoodUp បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេនៅពិព័រណ៍ CES ឆ្នាំនេះ