ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការនីតិសម្បទា និងអភិឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ​២០២៣​បានចុះបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់កថ្មី រួមទាំងបរិក្ខារពេទ្យ ដែលជាសមិទ្ធផលដ៏ធំមួយពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ។

តាមរយៈ គ.ជ.នា/ក.អ.ក ដោយបានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យក្នុងការកៀរគរ និងសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ, ក្នុងនោះ ហិរញ្ញប្បទានឥតសំណង ចំនួន ៨ លានដុល្លារ ត្រូវបានបើកផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា សម្រាប់សាងសង់អគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ជូនប្រជាពលរដ្ឋខ្មែរ ។

លោករដ្ឋមន្ត្រីប្រតិភូបានជួបសំដែងការគួរសមជាមួយលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងមានសេចក្តីសោមនស្សជាមួយលោក រូ យន់ជុន ( Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារថ្លែងអំណរគុណ ចំពោះសមិទ្ធផលមួយនេះ ៕/R