​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី ៤ មករា​ថា អ៊ីរ៉ង់​បាន​ដោះលែង​តារា​សម្ដែង​ស្រី​កំពូល​របស់​អ៊ីរ៉ង់ នាង ថា​រ៉ាណេ អា​លី​ឌូ​ស្ទី (Taraneh Alidoosti) ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន គឺ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​នាង​ត្រូវបាន​ឃុំខ្លួន​ពី​បទ​រិះគន់​ការបង្ក្រាប​លើ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​អង្រួន​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​អស់​​ជា​ច្រើន​ខែ​។​

​ដោយ​ល្បី​ឈ្មោះ​បំផុត​សម្រាប់​តួ​សម្តែង​របស់​នាង​ក្នុង​រឿង The Salesman ដែល​បាន​ឈ្នះ​ពានរង្វាន់ Academy ក្នុង​ឆ្នាំ ២០១៧ សិល្បការិនី​គាំទ្រ​កំណែទម្រង់ នាង​អា​លី​ឌូ​ស្ទី​បាន​គាំទ្រ​ការតវ៉ា រួម​ទាំង​ការ​បង្ហោះ​រូបភាព​របស់​នាង​នៅលើ Instagram ក្នុង​ខែវិច្ឆិកា ដោយ​គ្មាន​ស្បៃ​គ្រប​ក្បាល​ហ៊ី​ចាប (Hijab) និង​កាន់​បដា​សរសេរថា “​ស្ត្រី ជីវិត សេរីភាព​” ជា​ភាសា​ឃឺ​ដដែល​ជា​ពាក្យស្លោក​​ដ៏​ពេញនិយម​នៅក្នុង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ ILNA បាន​ដកស្រង់​សម្តី​មេធាវី​របស់​នាង ដោយ​និយាយថា “​នាង​អា​លី​ឌូ​ស្ទី ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១៧​ខែ​ធ្នូ​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​​ថ្ងៃនេះ​” ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទេ​។​

​រូបថត​របស់​នាង ដែល​គេ​ថត​នៅមុខ​ពន្ធនាគា​រអេ​វីន (Evin) ដ៏​ល្បី​អសោច​របស់​ទីក្រុង​តេ​ហេ​រ៉ង់ ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម​។​

​ការតវ៉ា ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​ស្ត្រី​ជនជាតិ​ឃឺ​ដ​វ័យក្មេង​ម្នាក់​ខណៈ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​សីលធម៌​បាន​បង្ក​បញ្ហា​ប្រឈម​ភាព​ច្បាប់​ដ៏​ធំ​បំផុត​ចំពោះ​សាធារណៈរដ្ឋ​អ៊ីស្លាម​ដែល​គ្រប់​​គ្រង​ដោយ​ពួក​មូស្លីម​និកាយ​ស៊ី​អ៊ី​ត ចាប់តាំងពី​បដិវត្តន៍​ឆ្នាំ ១៩៧៩​។​ចាប់តាំងពី​ការស្លាប់​របស់​នាង​អា​មី​នី (Amini)​មក ក្រុមអ្នកតវ៉ា​មកពី​គ្រប់​មជ្ឈដ្ឋាន​បាន​ដើរ​តាម​ដងផ្លូវ ដោយ​អំពាវនាវ​ឱ្យ​ផ្តួល​​រំលំ​ពួក​មេដឹកនាំ​បែប​បុព្វ​ជិត​របស់​ប្រទេស​នេះ ខណៈ​ស្ត្រី​ជាច្រើន​បាន​ដោះ​ស្បៃ​ជួតក្បាល​ចេញ​ហើយ​ដុតចោល​ទាំង​កំហឹង​ទូទាំង​ប្រទេស​។​

​តារា​ស្រី​និង​តារា​សិល្បៈ​អ៊ីរ៉ង់​រាប់សិប​នាក់​បាន​បង្ហោះ​រូបភាព​របស់​ពួកគេ​ដោយ​គ្មាន​ស្បៃ​ហ៊ី​ចាប ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​បាតុកម្ម ដែល​ស្ត្រី​ដើរ​តួនាទី​ដឹកនាំ​។​

​ប្រឈម​មុខ​នឹង​វិបត្តិ​ភាពស្របច្បាប់​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​ចុងក្រោយ​នេះ មេដឹកនាំ​បែប​បុព្វ​ជិត​របស់​អ៊ីរ៉ង់​បាន​ចោទប្រកាន់​ក្រុម​ចម្រុះ​របស់ “​ពួក​អនាធិបតេយ្យ ពួក​ភេរ​វករ និង​សត្រូវ​បរទេស​” ថា​ជា​អ្នករៀបចំ​ការតវ៉ា​នេះ​។​

​មកទល់ពេលនេះ សាធារណរដ្ឋ​អ៊ីស្លាម​បាន​ប្រហារជីវិត​មនុស្ស​ពីរ​នាក់​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​។ ក្រុម​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសន័​រវែ​ស បាន​និយាយថា យ៉ាងហោច​ណាស់​អ្នក​តវ៉ា ១០០ នាក់ ដែល​ត្រូវបាន​ឃុំខ្លួន ប្រឈម​មុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​៕

​តារា​សម្ដែង​ស្រី​កំពូល​របស់​អ៊ីរ៉ង់ នាង ថា​រ៉ាណេ អា​លី​ឌូ​ស្ទី ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ពុធ​