ដោយៈប.ខុន/ភ្នំពេញៈហ្វូងត្រីសម្រាប់ធ្វើប្រហុកផ្អកដែលបានចេញពីបឹងទន្លេសាបកាលពីដើមខែខ្នើតបុស្សពេលនេះបានទៅដល់ទន្លេមេគង្គលើក្នុងស្រុកត្បូងឃ្មុំហើយតែមានបរិមាណមិនទាន់ច្រើននៅឡើយទេ ដោយ ហ្វូងត្រីដែលបានទៅដល់ស្រុកត្បូងឃ្មុំមានត្រីស្លឹកឬស្សីនិងបណ្តូលចេគ ឯហ្វូងត្រីរាលទើបឡើងដល់ស្រុកស្រីសន្ទរហើយផលចាប់ដោយឩបករណ៍ម៉ាញ់ លើកម្តងបានត្រីតែពី៣ទៅ៧គីឡូក្រាម ដែលធម្មតាបើមានត្រីច្រើនផលចាប់អាចបានពី៥០ទៅជិត១០០គីឡូក្រាមពេលលើកម៉ាញ់ម្តងៗ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣ថាហ្វូងត្រីសម្រាប់ធ្វើប្រហុកផ្អកដែលចេញពីបឹងទន្លេសាបកាលពីដើមខែខ្នើតបុស្សពេលនេះបានទៅដល់ទន្លេមេគង្គក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយ តែផលចាប់ដោយឧបករម៉ាញ់មិនទាន់បានត្រីច្រើននៅឡើយទេ។ប្រភេទត្រី ដែលបានឡើងមកដល់ឃុំជីរោស្រុកត្បូងឃ្មុំមានតែត្រីស្លឹកឬស្សីនិងត្រីបណ្តូលចេក ឯត្រីរាលឃើញវត្តមានតិចតួចណាស់។

នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថា ចំណែកហ្វូងត្រីរាលឃើញមានចាប់បាននៅព្រែកពោរ ស្រីសន្ទរ កងមាសនិងនៅស្រុកកោះសូទិនខ្លះៗ ហើយ ដោយលើក(មាញ់)ម្តងបានត្រិពី៣ទៅ៧គីឡូក្រាមដែលធម្មតាបើហ្វូងត្រីច្រើនមកដល់លើកម្តងបានត្រីពី៥០ទៅជិត១០០គីឡូក្រាម ជាប្រភេទត្រីសម្រាប់ធ្វើប្រហុកផ្អក។ ត្រីសម្រាប់ធ្វើប្រហុកផ្អកនៅក្នុងទន្លេមេគង្គខេត្តកំពង់ចាមអាចនឹងចាប់មិនបានច្រើនទេនៅក្នុងខ្នើតខែបុស្សនេះ ដោយសារអាកាសធាតុអួរអាប់នៅចុងខ្នើតនេះ ។ តាមធម្មតាត្រី សម្រាប់ធ្វើប្រហុកនៅក្នុងខេត្តកំពង់ចាមចាប់បាននៅចុងខ្នើតនិងដើមខែរនោច។

លោក ម៉ូត ហូសាន់ អ្នកនេសាទជួលគន្លងដាយត្រីពីរដ្ឋបាលជលផលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣ថា ហ្វូងត្រីចេញពីបឹងទន្លេសាបកាលពីដើមខ្នើតខែបុស្សចូលទៅក្នុងទន្លេមេគង្គមកដល់ថ្ងៃនេះជិតផុកន្ទុយពីដងទន្លេសាបហើយ ដោយនៅថ្ងៃទី៥ខែមករានេះផលចាប់លើកម្តងបានត្រីតែពី៥០ទៅ១០០គីឡូក្រាមក្នុងរយៈពេលជិតមួយម៉ោង កាលពីពេលត្រូវខ្លាំងពេលខ្លះក្នុងរយៈពេលកន្លះម៉ោងលើកម្តងបានត្រិពី៤០០ទៅ៥០០គីឡូក្រាម ដែលការចាប់បានច្រើនបែបនេះខកខានឃើញបួនប្រាំឆ្នាំមកហើយ។

គួរនិយាយឱ្យដឹងថាផលត្រីឆ្នាំនេះកើនឡើងដោយសារភ្លៀងធ្លាក់ល្អទឹកឡើងទាន់ពេលរដូវត្រីពងកូននិងម៉្យាងនៅក្នុងរដូវវស្សាកន្លងទៅនេះគ្រប់ផ្នែកពាក់ព័ន្ធនឹងបឹងទន្លេសាបបានធ្វើការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ ទើបធ្វើឱ្យទិន្នផលត្រីឃើញមានការកើនឡើងបែបនេះ។

រំលឹកឱ្យដឹងថានៅចុងរដូវវស្សាហ្វូងត្រីបានចាកចេញពីបឹងទន្លេសាបបន្តដំណើរឡើងទៅ ទន្លេមេគង្គលើដែលជាកន្លែងពងកូននៅដើមរដូវវស្សាហើយទម្លាក់ខ្លួនចុះមកតាមទឹកហូរចូលបឹងទន្លេសាប៕/r