ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាក្រសួងកសិកម្មបានកំណត់យកពូជស្រូវចំនួន ២ប្រភេទ ដែលពេញនិយមនិងមានទីផ្សារល្អ យកទៅផលិតជាពូជទុកលក់ក្នុងតម្លៃសមរម្យជូនដល់ប្រជាកសិករក្នុងការដាំដុះនោះគឺ ពូជស្រូវសែនក្រអូប និងពូជស្រូវអូអឹម ៥៤-៥១ ។

លោក ឌិត ទីណា បានថ្លែងនៅថ្ងៃទី៥ ខែមករាឆ្នាំ២០២៣នេះក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនៈទានវិស័យកសិកម្មកម្ពុជាដែលរៀបចំឡើងដោយអង្គភាពអ្នកនាំ ពាក្យ​រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថាការងារផលិតពូជស្រូវនេះបានធ្វើឡើងស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខណៈការ ងារនេះកំពុងមានវឌ្ឍនភាពហើយរំពឹងថានឹងអាចលក់ចែកជូនដល់ប្រជាកសិករយកទៅដាំដុះនៅពេលឆាប់ៗ ។ការផលិតពូជស្រូវនេះកំពុងតែមានវឌ្ឍនភាពហើយថ្មីៗនេះថវិកា សម្រាប់ការផលិតពូជក៏ទទួលបានការឯកភាពពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរដើម្បីបន្តផលិតពូជស្រូវដែលមានវិញ្ញាបនបត្រ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្រោយពូជស្រូវនេះផលិតបានក្រសួងនឹងរៀបចំជាទស្សនៈទានមួយជាមួយសហព័ន្ធស្រូវអង្ករដែលជាអ្នកទិញស្រូវយកទៅកែឆ្នៃហើយ ប្រសិនបើកសិករចូលរួមជាមួយទស្សនៈទានថ្មីនេះពួកគាត់នឹងទទួលបានផលចំណេញតាមរយៈការមានទីផ្សាររួចជាស្រេចមុនពេលដែលគាត់ដាំដុះទៅទៀតដោយកសិករ បានដឹងថានៅពេលបានផលពួកគាត់ត្រូវលក់ឲ្យខាងណាក្នុងតម្លៃណា និង ក្នុងកម្រិតបរិមាណប៉ុន្មានដែលមិនសល់ជៀ សវាងការសល់ស្រូវ។

លោកបានមានប្រសាសន៍ដែរថានៅពេលដែលប្រជាកសិករប្រើប្រាស់នូវពូជស្រូវខ្លួនឯងអាចមាននូវភាពមិនសុទ្ធនិងអាចមានទិន្នផលតិចខណៈប្រើប្រា ស់ពូជដែលមានការបញ្ជាក់ច្បាស់លាស់គឺមានដំណុះខ្ពស់និងទិន្នផលច្រើនដែលជាការបញ្ចុះថ្លៃដើមនៃការផលិត ។

លោក​រដ្ឋមន្រ្តីបានបន្តថា ទស្សនទាន​របស់​ក្រសួង​កសិកម្ម ​គឺ​ត្រូវ​បែងចែក​ភោគផល​ស្មើៗ​គ្នា​ទាំង​អ្នក​ទទួល​ទាន អ្នក​ផលិត​និង​អ្នក​ចែកចាយ ។ ការ​ធានា​បាន​ស្ថិរភាព​ថ្លៃ ផលិតផល​​គឺដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទាំង​អ្នក​ផលិត​និង​អ្នក​ទទួល​ទាន ។ ជាមួយ​គ្នា​នេះលោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ពី​ទស្សនវិស័យ​លើ​ខ្សែ​ចង្វាក់ការ​​នាំ​ចេញ​​ផលិតផលកសិកម្ម​កម្ពុជា​ដោយ​ជំរុញ​លើ​ការ​ផលិត​ផលិតផល​ណា​ដែល​មាន​គុណភាព​ខ្ពស់បង្កើន​តម្លៃ​បន្ថែម​ច្រើន​ដល់​កសិករ។ ការ​ផលិត​ទ្រង់ ទ្រាយ​ធំ​មាន​តម្លៃ​ថោកមិនមែន​សក្ដានុពល​របស់​កម្ពុជា​នោះ​ទេ ។ ដើម្បី​ប្រកួតប្រជែង​ប្រទេស​ផ្សេងៗយើង​ត្រូវ​ជំរុញ​ផលិត​ផលិតផល​ជា​គន្លឹះ ​។ លោក​បាន​លើក​យក​បទ​ពិសោធន៍​ជោគជ័យ​លើ​ម្រេច​កំពត ​ដើម្បី​យក​ទៅ​អនុវត្ត​​លើ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ដែល​​កម្ពុជា​មាន​សក្ដានុពល​​ធ្វើ​ការ​នាំ​ចេញ ​៕