ប្រែ​សម្រួលៈ​បំណង​(​វ៉ាស៊ីនតោន​ប៉ុស្តិ៍,បាងកកប៉ុស្តិ៍​)៖​ណេ​ត ថៃ​យ័រ​(Nate Thayer)​អ្នកកាសែត​អាម៉េរិក​ដែល​បាន​តាម​ប្រមាញ់​រឿងរ៉ាវ​ជម្លោះ​ពាសពេញ​ព្រៃ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​អ្នកសារព័ត៌មាន​លោក​​ខាងលិច​ចុងក្រោយ​គេ​ដែល​បានធ្វើ​សម្ភាស​មេដឹកនាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ប៉ុល ពត បាន​ស្លាប់​នៅផ្ទះ​របស់​លោក​ក្នុង​ក្រុង​ហ្វាល់​ម៉ោត​(Falmouth) រដ្ឋ​ម៉ាសា​ជូ​សេត សហរដ្ឋ​អាម៉េរិក​។​

​លោក​ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​។​

​រ៉ូ​ប៊ឺត ថៃ​យ័រ​(Robert Thayer)​បាន​និយាយថា បងប្រុស​របស់​លោក​ត្រូវបាន​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មករា តែ​មិន​ច្បាស់​ថា​គាត់​ស្លាប់​ពេល​ណា​អោយ​ប្រាកដ​ទេ​។​គាត់​មាន​ជំងឺ​ច្រើន​និង​​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​»​។​

​លោក​ថៃ​យ័រ​បាន​សរសេរ​បង្ហោះ​កាលពី​ឆ្នាំមុន​ថា សុខភាព​របស់​លោក​កំពុង​ចុះ​ខ្សោយ​រួម​មាន​ការឆ្លង​រាលដាល​មេរោគ​បន្ទាប់ពី​ការវះកាត់​ជើង​និង​គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា​លោក​លែង​អាច​ដើរ​បាន​​ទៀតហើយ​។​

​សូមបញ្ជាក់​ថា ក្នុងអំឡុងពេល​យក​ព័ត៌មាន​ដែល​បាន​ចាប់ផ្តើម​នៅ​ទសវត្សរ៍​១៩៨០ លោក​ថៃ​យ័រ ទទួលបាន​កេរ្តិ៍ឈ្មោះ​ជា​អ្នកយកព័ត៌មាន​ឯករាជ្យ​ស៊ូទ្រាំ​នឹង​ការលំបាក​ម្នាក់ ហើយ​ចូលចិត្ត​តាម​ប្រ​ម៉ាញ់​​រឿងរ៉ាវ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយៗ​សំរាប់​ទស្សនា​វ​ដ្តី​Soldier of Fortune , Far Eastern Economic Review​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press និង​កាសែត​The Washington Post​។​

​ជាមួយនឹង​ក្បាល​កោរ​ត្រងោល និង​ធ្មេញ​ជាប់​ជ័រ​ថ្នាំជក់ លោក​រំលឹក​ឡើងវិញ​រូបភាព​នៃ​ការយក​ព័ត៌មាន​សម័យ​ចាស់​និង​រឿងរ៉ាវ​ព័ត៌មាន​ពី​សមរភូមិ​។​វា​រួម​មាន​ការ​ប៊ិះ​បាត់បង់​ជីវិត​ពី​ការរង​របួស​ធ្ងន់​នៅ​​ពេល​ឡាន​ដឹកជញ្ជូន​របស់​ក្រុម​ឧទ្ទាម​កម្ពុជា​ដែល​លោក​កំពុង​ជិះ​ត្រូវ​គ្រាប់មីន​កាលពី​ខែតុលា ឆ្នាំ​១៩៨៩​។​

​លោក​បាន​ចំណាយពេល​រាប់​ឆ្នាំ​រាយការណ៍​អំពី​នយោបាយ​និង​សង្គម​កម្ពុជា​រួមមាន​ក្រុម​ខ្មែរក្រហម​ដែល​ធ្លាប់​ដឹកនាំ​របប​កុំ​ម្មុនី​ស្ត​សាហាវ​ព្រៃផ្សៃ​ដែល​បណ្តាលអោយ​ស្លាប់​មនុស្សជាង​១​លាន​នាក់​រវាង​ឆ្នាំ​១៩៧៥​និង​១៩៧៩​។​

​ប៉ុលពត៖ «​តើ​ខ្ញុំ​ជា​មនុស្ស​សាហាវព្រៃផ្សៃ​?​មនសិការ​របស់ខ្ញុំ​ច្បាស់លាស់​ណាស់​»​

​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៩ លោក​បាន​ធ្វើការ​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press​និង​បន្ទាប់មក​សារព័ត៌មាន​ជា​ច្រើន​ទៀត​ដូចជា​Phnom Penh Post និង​Far Eastern Economic Review​ដោយ​បង្កើត​ទំនាក់ទំនង​ជាមួយ​កម្លាំង​នៅតាម​ព្រំដែន​ថៃ​កម្ពុជា​។​

​ការងារ​របស់​លោក​បាន​ការចាប់អារម្មណ៍​ធំ​នៅ​ពេល​ផ្ញើ​សារ​របស់​ប្រធាន​និពន្ធ​របស់​Far Eastern Economic Review​លោក​ណា​យ៉ាន់ ចាន់ដ្រា​(Nayan Chandra)​ដែល​ថា​លោក​នឹង​ធ្វើ​សម្ភាស​«​បងធំ​»​ប៉ុល ពត ដែល​គ្មាន​អ្នកកាសែត​ណា​ម​បាន​ជួប​អស់​ពេល​ជាង​ពីរ​ទសវត្សរ៍​។​ចេញពី​ប្រទេស​ថៃ ណេ​ត ថៃ​យ័រ បាន​ចូល​ទៅ​ក្នុងព្រៃ​នៃ​តំបន់​អន្លង់វែង​ក្បែរ​ព្រំដែន​ថៃ​កន្លែង​ដែល​ប៉ុល ពត​លាក់ខ្លួន​។​​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ក្នុង​Far Eastern Economic Review​ថា​ប៉ុល ពត បុរស​ដែល​ត្រូវ​គេ​បន្ទោស​ចំពោះ​ការស្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​សួរ​លោក​​ថា​«​តើ​ខ្ញុំ​ជា​មនុស្ស​សាហាវព្រៃផ្សៃ​?​មនសិការ​របស់ខ្ញុំ​ច្បាស់លាស់​ណាស់​»​។​

​លោក​ណា​យ៉ាន់ ចាន់ដ្រា បាន​សរសើរ​ការងារ​របស់​លោក​ថៃ​យ័រ «​ថា​គាត់​ជា​មនុស្ស​ខ្លាំងក្លា ផ្តោត​លើ​រឿង​ដែល​លោក​កំពុង​ធ្វើ​ខ្លាំង​ស្ទើរតែ​ដូច​កម្លាំង​ធម្មជាតិ​មួយ​»​។​

​សេចក្តីរាយការណ៍​រប​ស់លោក​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​ប៉ុល​ពត នៅតែ​ជា​ស្នូល​ការងារ​កាសែត​នៃ​អាជីព​របស់​លោក​ថៃ​យ័រ ដោយសារ​វា​ទាក់ទាញ​ការចាប់អារម្មណ៍​អន្តរជាតិ​។​ការងារ​របស់​លោក​​ក៏​បន្ថែម​សេចក្តី​ពិស្តារ​ដ៏​សំខាន់​ចំពោះ​កេរដំណែល​«​វាលពិឃាត​»​នៃ​របប​ខ្មែរក្រហម​។​ជនកម្ពុជា​ប្រមាណ​១,៧​លាន​នាក់ រួម​មាន​បញ្ញវន្ត វេជ្ជបណ្ឌិត ជន​ប្រឆាំង​និង​អតីត​ទាហាន​នៃ​របប​មុន​បាន​ស្លាប់​​ដោយ​ការអត់ឃ្លាន ការ​ធ្វើ​បាប​និង​ការកាប់សម្លាប់​។​

​ក្នុង​ការប្រគល់​រង្វាន់​អ្នកកាសែត​មួយ​នៅ​ឆ្នាំ​១៩៩៨ ណេ​ត ថៃ​យ័រ ត្រូវបាន​ចាត់ទុកជា​«​អ្នក​បំភ្លឺ​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ដែល​កប់​បាត់​ក្នុង​ពិភព​មួយ​ទោះជា​លោក​មិន​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​នៅក្នុង​ព្រៃ​​ជ្រៅ​នៃ​ប្រទេស​កម្ពុជា​»​ក៏ដោយ​៕