ដោយៈប.ខុន/ភ្នំពេញៈការសាងសង់ច្រាំងស្ទឹងព្រែកដែលបាក់ស្រុតកាលពីខែឧសភាប្រវែង២៤០ម៉ែត្រនៅក្រុងតាខ្មៅបានចាប់ផ្តើមដោយខួងគ្រឹះនៅថ្ងៃទី៥មករានេះ ជាគម្រោងអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម គ្រោងធ្វើឱ្យរួចនៅក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ ខណៈដែលគេដឹងថា ច្រាំងស្ទឹងព្រែកត្នោតដែលប្រឈមនឹងការរអិលបាក់ស្រុតមានរហូតដល់ជាងបួន ពាន់ម៉ែត្រ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលដែលទទួលផែនធនធានទឹកនិងសាធារណការ នៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៣បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ឡើងវិញច្រាំងស្ទឹងព្រែកត្នោត ដែលជាគម្រោងអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម ដោយនៅក្នុងឱកាសនេះក្នុងនាមអភិបាលខេត្តកណ្តាល លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រីក្រសួងធន ធានទឹកនិងឧតុនិយម ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបាក់ស្រុងច្រាំងនេះតាំងពីពេលដំបូង ដោយចាត់ក្រុមការ ងារឱ្យប្រើបាវច្រកខ្សាច់ដើម្បីបញ្ឈប់ការបាក់ស្រុតនិងលើកគម្រោងសាងសង់ច្រាំងរឹងមាំដូចនៅពេលនេះ។

លោក ម៉ៅ ហាក់ ប្រធានគម្រោងសាងសង់ច្រាំងស្ទឹងព្រែកត្នោតនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៥ខែមករាថា ការសាងសង់ច្រាំងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅឡើងវិញនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី០១មករា ដោយធ្វើការសម្អាតការដ្ឋាននិងការខួងគ្រឹះទើបបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៥ខែមករានេះ។ គម្រោងកំពុងអនុវត្តនេះមានប្រវែង២៤០ម៉ែត្រ ដោយម្ខាង១២០ម៉ែត្រ ជាកន្លែងដែលបានបាក់ស្រុតកាលពីដើមខែឧសភាឆ្នាំ២០២២។ គម្រោងសាងសង់ច្រាំងរឹងមាំនេះគ្រោង ធ្វើឱ្យរួចនៅក្នុងរដូវប្រាំងឆ្នាំ២០២៣។

លោកប្រធានក្រុមការងារគម្រោងខាងលើបាននិយាយឱ្យដឹងទៀតថាច្រាំងស្ទឹងព្រែកត្នោតដែលប្រឈមនឹងការបាក់ស្រុតបន្តទៀតមានប្រវែងរហូតដល់ទៅជាងបួន ពាន់ម៉ែត្រ តែចំពោះមុខធ្វើតែកន្លែងបាក់ស្រុត២៤០ម៉ែត្រនេះសិន៕/r