ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថាៈ ការធ្វើជា គ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យបានច្បាស់លាស់ សម្រាប់អនាគតខ្លួនឯង សម្រាប់គ្រួសារ និងប្រទេសជាតិ ផងដែរ ។

លោក ហេង រតនា បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកវគ្គជំនាញគរុកោសល្យ ទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមការឧទ្ទេសពីវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ គាំទ្រដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន (ស៊ីម៉ាក់) ខេត្តកំពង់ឆ្នាំង។

លោក ហេង រតនា បានបន្តថាៈ វគ្គជំនាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែល ជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (ស៊ីម៉ាក់) កម្ពុជា នាពេលនេះ គឺក្នុងគោលបំណងដើម្បីធ្វើការហ្វឹកហ្វឺន កសាង និងបង្កើនសមត្ថភាព គុណភាពដល់គ្រូ របស់ស៊ីម៉ាក់ ដើម្បីពង្រឹងសមត្ថភាពពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥។ ដូច្នេះ សូមប្អូនៗ ក្មួយៗ ដែលជាសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ លើ ទេពកោសល្យគរុកោសល្យ ដើម្បីក្លាយខ្លួនទៅជាគ្រូល្អ សម្រាប់នាថ្ងៃអនាគត ក៏ដូចជា សម្រាប់ឆ្នាំ២០២៥ ដែលមជ្ឈមណ្ឌលវិទ្យាស្ថានសកម្មភាពកំចាត់មីន នឹងទទួលបានអាគារ ថ្មីៗ ជាច្រើនទៀត សម្រាប់បន្តសកម្មភាពទៅថ្ងៃអនាគត។

ក្នុងនាម ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីន នៅកម្ពុជា លោក ហេង រតនា សន្យាថានឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់សិក្ខាកាម ណាដែលបានប្រឡងជាប់ មាននិទ្ទេសល្អឆ្នើម ក្នុងវគ្គបណ្ដុះបណ្ដាលគរុកោសល្យ នាពេលនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ ដើម្បីក្លាយខ្លួនជាគ្រូ ដែលមានទេពកោសល្យ ក្នុងការបង្រៀន បានល្អ ត្រូវដឹងពីស្ថានភាពសិស្សរបស់យើង តើគេគិតអ្វី? មានបំណងអ្វី?  សង្ឃឹមថា បងប្អូនដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (ស៊ីម៉ាក់) បានចូលវគ្គ សិក្សា ក្លាយខ្លួនជាសិក្ខាកាម នាថ្ងៃនេះ នឹងទទួលបាននូវមូលដ្ឋានគ្រឹះល្អ បទពិសោធន៍ ល្អ ដូចជាត្រូវដឹងអំពីការគ្រប់គ្រងថ្នាក់រៀន, កម្មវិធីសម្រាប់បង្រៀន, ពិសេសត្រូវប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ ។ សូមចាំថា ធ្វើជាគ្រូបង្រៀន ត្រូវស្រាវជ្រាវបន្ថែមទៀត ដូចពាក្យស្លោកលើកឡើងថា ធ្វើជាគ្រូ ត្រូវរៀនពេញមួយជីវិត បន្ថែមលើក្រមសីលធម៌ វិជ្ជាជីវៈ ទេពកោសល្យបង្រៀន, គ្រូបង្រៀន ត្រូវតែសិក្សាបំពេញបន្ថែម នូវភាសាបរទេស ថែមទៀត។

លោក ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានបញ្ជាក់ថាៈ វគ្គសិក្សានេះ មានរយៈពេល ៨ សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលមានសិកាកាម ចំនួន ៦០ នាក់ ស្ត្រី ៩ នាក់ ដែលមកពីបណ្ដា អង្គភាពនានា ចំណុះឲ្យអង្គភាពស៊ីម៉ាក់ទាំងមូល ហើយវគ្គសិក្សានេះ បានចែកចេញជា ២ ថ្នាក់ គឺថ្នាក់ A និងថ្នាក់ B ៕ V / N