ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកការប្រកួតកីឡាវាយសី ពានរង្វាន់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា ១៩៧៩ – ២០២៣ ដែលជាថ្ងៃកំណើតទី២ ក្នុងក្របខណ្ឌខេត្តកំពង់ធំ ។

ជាមួយគ្នានោះ លោក ងួន រតនៈ បានថ្លែងថាៈ ក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ វិស័យកីឡានេះ មិនទាន់មានចំនួនច្រើននៅឡើយ នៅក្នុងស្រទាប់អាជីវករ យុវជន ក៏ដូចជាប្រជាពលរដ្ឋ មិនសូវមានអ្នកលេងកីឡានេះទេ ។ ទន្ទឹមនឹងនវ លោកបានអំពាវនាវដល់ស្រទាប់អាជីវករ យុវជន ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកីឡា ឲ្យបានគ្រប់គ្នា ដើម្បីខ្លួនយើង សុខភាពយើង ។

លោកបានបន្ថែមថាៈ ការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះចាញ់ ចាត់ទុកថាជារឿងធម្មតា និងមិនត្រូវមានចិត្តខឹងស្អប់គ្នានោះទេ ផ្ទុយទៅវិញ យើងត្រូវចង្អុលបង្ហាញនូវចំណុច ខ្វះខាត និងភាពខ្សោយរបស់យើង ឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំហ្វឹកហាត់ បន្ថែមទៀត។

លោកអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ដល់ក្រុមកីឡាទាំងអស់ ដែលបានចូល រួមប្រកួត នៅថ្ងៃនេះ បានបង្ហាញពីការស្រឡាញ់កីឡា កីឡានាំមកនូវសុខភាព មិត្តភាព ហើយវាក៏ជាថ្នាំពេទ្យដ៏ពិសេស សម្រាប់សុខភាពយើងផងដែរ។

ជាមួយគ្នានេះ លោក ឃឹម នុភាព តំណាងឲ្យក្រុមកីឡាទាំងអស់ បានថ្លែងថាៈ នេះគឺជា កត្តាប្រវត្តិសាស្ត្រ នៅក្នុងខេត្តកំពង់ធំ ដែលពីមុនមក យើងមានក្លិប និងធ្លាប់លេងកីឡា ប៉ុន្តែមិនដែលមានការប្រកួតយកពានរង្វាន់ ដូចថ្ងៃនេះទេ សូមថ្លែងអំណរគុណដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងមានគំនិតផ្ដួចផ្ដើម នៅក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ ដែលបានបង្កភាពឲ្យកាន់តែសប្បាយរីករាយ បន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតថ្ងៃនេះ គឺបែងចែកជាពីរពូល មានពូល A និងពូល B នៅក្នុងពូល A មាន ៦ ក្រុម ពូល B មាន ៥ ក្រុម ដែលមានរយៈពេលប្រកួតពេញមួយថ្ងៃ ៕ V / N