ដោយៈ សុផល / ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានឱ្យដឹងថាៈ ក្នុងគម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គមួយ ដែលត្រូវចំណាជាង ២០០ លានដុល្លារ។ ការសាងសង់នេះ នឹងត្រូវប្រើប្រាស ថវិកាជាតិ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ដោយគ្មានការបង់ប្រាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាៈ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ ស្ពានមួយកន្លែង នៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ក្រុងទី៣ ផងដែរ។
លោកបានបន្តថាៈ នៅពេលស្ពាននេះ សាងសង់រួចរាល់ គឺការធ្វើដំណើរមិនតម្រូវឱ្យមាន ការបង់ប្រាក់ទេ។ បន្ថែមពីនោះទៀត វាផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបើកការដ្ឋានសាងសង់ ពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ៤ គន្លង តួផ្លូវ មានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញ នៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម តែម្ដង៕/V/R