ដោយៈ​ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​ បានរម្លឹកថា​ កាលពីឆ្នាំ២០២២កន្លងទៅ បានបន្សល់ទុកនូវសមិទ្ធផលធំៗជាច្រើនសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវរួមគ្នាដោះស្រាយនាពេលខាងមុខ។​

សម្តេចបានបញ្ជាក់នៅ ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២២ថា ពេញ១ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ជាពិសេសកម្ពុជារក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់របស់ប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានសង្កេតឃើញថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ច ក៏បានខិតខំប្រឹងប្រែងរក្សាសន្ដិសុខនៅតាម ភូមិ-ឃុំ-សង្កាត់ តាមរយៈការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ក្នុងការកសាងសេចក្ដីសុខជូនប្រជាពលរដ្ឋគ្រប់រូប។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ ជាជំងឺសកលមួយ ដែលកើតមានឡើងគ្រប់ប្រទេស ប៉ុន្ដែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងកិច្ចការងារគ្រប់គ្រងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងខ្ពស់ ក្នុងការទទួលយកវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាមធ្យោបាយមួយ ដើម្បីរារាំងការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្ដអនុវត្តវិធានការសុខាភិបាល ព្រមទាំងបន្ដទទួលយកការចាក់វ៉ាក់សាំងបន្ថែមទៀត តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕/R