ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អនុមេរោគបំប្លែងថ្មីនៃកូវីដកំពុងបង្កឱ្យមានការព្រួយបារម្ភមួយចំនួននៅក្នុងសហរដ្ឋអាម៉េរិក ជាកន្លែងដែលវាកំពុងរីករាលដាលយ៉ាងរហ័ស។
ករណីខ្លះត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស ដូច្នេះតើអ្នកត្រូវដឹងអ្វីខ្លះអំពីមេរោគបំប្លែង XBB.1.5?
តើមេរោគបំប្លែង XBB.1.5 ជាអ្វី?
វាគឺជាការលេចឡើងមួយផ្សេងទៀតនៃមេរោគបំប្លែងអូមីក្រុងរបស់កូវីដ ដែលខ្លួនវាផ្ទាល់បានឆ្លងរាលដាលតាមពីក្រោយមេរោគបំប្លែងអាល់ហ្វា បេតា ហ្គាម៉ា និងដែលតាពីមុន។
អូមីក្រុងបានឆ្លងរាលដាលសាហាវដាច់គេបើធៀបនឹងមេរោគបំប្លែងដទៃ ចាប់តាំងពីវាបានលេចឡើងនៅចុងឆ្នាំ ២០២១ ហើយបានបើកផ្លូវឱ្យមានអនុមេរោគបំប្លែងជាច្រើន ដែលឆ្លងរាលដាលកាន់តែសាហាវជាងមេរោគបំប្លែងដើម។
រោគសញ្ញារបស់ XBB.1.5 ត្រូវគេគិតថាស្រដៀងទៅនឹងអនុមេរោគបំប្លែងអូមីក្រុងមុនៗដែរ ប៉ុន្តែវានៅតែលឿនពេកក្នុងការបញ្ជាក់អំពីរឿងនេះ។ មនុស្សភាគច្រើនមានរោគសញ្ញាដូចជំងឺផ្តាសាយ។
តើ XBB.1.5 ឆ្លងរាលដាលខ្លាំង ឬ គ្រោះថ្នាក់ជាងមេរោគបំប្លែងមុនៗ?
XBB.1.5 ខ្លួនវាផ្ទាល់វិវត្តពីមេរោគបំប្លែង XBB ដែលបានចាប់ផ្តើមចរាចរនៅចក្រភពអង់គ្លេសក្នុងខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែវាមិនត្រូវបានចាត់ថ្នាក់ជា “មេរោគបំប្លែងគួរឱ្យព្រួយបារម្ភ” ដោយអាជ្ញាធរសុខាភិបាលនោះទេ។
XBB មានការបំប្លែង ដែលជួយឱ្យវាយកឈ្នះលើប្រព័ន្ធការពាររបស់រាងកាយ ប៉ុន្តែគុណសម្បត្តិដូចគ្នានេះក៏បានកាត់បន្ថយសមត្ថភាពរបស់វាក្នុងការឆ្លងកោសិការបស់មនុស្សផងដែរ។
លោកស្រីសាស្ត្រាចារ្យ វិនឌី បាក្លេ (Wendy Barclay) មកពីសាកលវិទ្យាល័យ Imperial College London បាននិយាយថា XBB.1.5 មានការបំប្លែងមួយហៅថា F486P ដែលស្តារសមត្ថភាពនេះក្នុងការចងភ្ជាប់ទៅនឹងកោសិកាខណៈបន្តគេចចេញពីប្រព័ន្ធភាពស៊ាំ។ នេះធ្វើឱ្យវាកាន់តែឆ្លងរាលដាលបានយ៉ាងងាយស្រួល។
លោកស្រីបាននិយាយថា ការផ្លាស់ប្តូរទាំងនេះគឺដូចជា “ជណ្តើរថ្មើរជើង” យ៉ាងអ៊ីចឹង ខណៈមេរោគព្យាយាមវិវត្តខ្លួនដើម្បីស្វែងរកវិធីថ្មីដើម្បីគេចខ្លួនពីយន្តការការពាររបស់រាងកាយ។
អ្នកវិទ្យាសាស្ត្រមកពី WHO បានបញ្ជាក់កាលពីថ្ងៃពុធទី៤មករាថា មេរោគបំប្លែង XBB.1.5 មាន “ប្រៀបខាងការលូតលាស់” លើប្រភេទអនុមេរោគបំប្លែងផ្សេងទៀតទាំងអស់ ដែលបានឃើញកន្លងមក។
ប៉ុន្តែពួកគេបាននិយាយថាមិនមានការចង្អុលបង្ហាញថាវាធ្ងន់ធ្ងរឬបង្កគ្រោះថ្នាក់ជាងអនុមេរោគបំប្លែងអូមីក្រុងពីមុនៗនោះទេ។
WHO បាននិយាយថា ខ្លួននឹងតាមដានយ៉ាងដិតដល់លើការសិក្សាតាមមន្ទីរពិសោធន៍ ទិន្នន័យមន្ទីរពេទ្យ និងអត្រានៃការឆ្លង ដើម្បីស្វែងយល់បន្ថែមអំពីផលប៉ះពាល់របស់វាទៅលើអ្នកជំងឺ។
តើ XBB.1.5 រីករាលដាលនៅឯណា?
ជាង៤០ភាគរយនៃករណីកូវីដនៅសហរដ្ឋអាម៉េរិកត្រូវបានប៉ាន់ប្រមាណថាបណ្តាលមកពី XBB.1.5 ដែលធ្វើឱ្យវាក្លាយជាមេរោគលេចធ្លោនៅក្នុងប្រទេសនេះ។
នៅដើមខែធ្នូ វាមានត្រឹមតែ ៤ ភាគរយនៃករណីឆ្លងប៉ុណ្ណោះ ដូច្នេះវាបានវ៉ាដាច់អនុមេរោគបំប្លែងអូមីក្រុងផ្សេងទៀតយ៉ាងរហ័ស។
ការចូលដេកមន្ទីរពេទ្យព្យាបាលកូវីដបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅទូទាំងសហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសគ្រោងនឹងចេញផ្សាយរបាយការណ៍ស្តីពីមេរោគបំប្លែងដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយ ហើយអាចសំដៅទៅលើមេរោគ XBB.1.5៕
មេរោគបំប្លែង XBB.1.5 មានអាការៈដូចផ្តាសាយដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថាវាអាចបង្កឱ្យឈឺធ្ងន់ធ្ងរឬយ៉ាងណាទេ