ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “នៅសល់តែ ២ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា កម្ពុជាបានបោះជំហានទៅមុខ ឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផល ប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ ក្នុងក្រអៅបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិត ឱ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបបវាលពិឃាត ដ៏សាហាវយង់ឃ្នង”។

នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីកាត់ឫសសីមា និងសម្ពោធ សមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃ ការបិទបញ្ចប់ទាំងស្រុង នៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផល ដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៍ នៃយុត្តិធម៌ ដែលធានា ដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយ ដ៏សំខាន់ចាំបាច់ សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមាន ការកើតឡើងសាជាថ្មី នូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាធ្លាប់បាន ទទួលរងគ្រោះ ក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់ សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ ពីហានិភ័យនៃគ្រាប់មីន ដែលនៅតែ ជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឱ្យបាន នូវគោលដៅកម្ពុជា គ្មានមីនឆ្នាំ២០២៥ ៕ V / N