ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដូចឆ្នាំមុនៗដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់បណ្ដាអធិការក្រុង-ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន នៅពេលខាងមុខនេះ មិនឲ្យលេង លក់ផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។

លោកស្នងការ បានបន្តថាៈ រាល់បណ្ដាអធិការដ្ឋាន ក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តនូវវិធានការនេះឲ្យបានខ្ជាប់ខ្ជួន ចំពោះអ្នកបំផ្ទុះជាតិផ្ទុះ, ផាវគ្រប់ប្រភេទ ពិសេសអ្នកលក់ជាតិផ្ទុះ ផាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណា នៅតែប្រព្រឹត្តត្រូវធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់។

លោកស្នងការនគរបាលខេត្ត បានបន្តទៀតថាៈ ការដាក់បទបញ្ជាយ៉ាងតឹងរឹងនេះ ដើម្បីធានាក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។

លោក សិទ្ធិ ឡោះ បានណែនាំដល់ការិយាល័យជំនាញ និងតាមបណ្ដាអធិការក្រុង ស្រុកទាំង៩ ត្រូវចុះបង្ក្រាប និងហាមដាច់ខាត ការនាំចូលរំសេវ ផាវ កាំជ្រួចគ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់អាជីវករ តាមផ្សារ នៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួច ដែលជាអាវុធមួយប្រើខុស អាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ ៕ V / N