ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Sony និង Honda បានបង្ហាញម៉ាករថយន្តអគ្គិសនីថ្មីរបស់ពួកគេ ហើយនិយាយថាពួកគេសង្ឃឹមថានឹងមានរថយន្តថ្មីដំបូងរបស់ក្រុមហ៊ុននៅលើដងផ្លូវក្នុងរយៈពេលបួនឆ្នាំទៀត។
ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនបច្ចេកវិជ្ជានិងរថយន្តខ្នាតយក្សនេះត្រូវបានគេហៅថា Afeelaខណៈរថយន្តអគ្គិសនីគំរូមួយបានបង្ហាញខ្លួននៅលើឆាកក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Sony មុនពេលពិព័រណ៍បច្ចេកវិជ្ជា CES នៅទីក្រុងឡាសវេហ្គាស ដែលបើកនៅថ្ងៃព្រហស្បតិ៍នេះ។
លក្ខណៈបច្ចេកទេសសំខាន់ៗជាច្រើនរបស់រថយន្តនៅមិនទាន់បង្ហាញទេ ប៉ុន្តែលោក យ៉ាស៊ូហ៊ីដេ មីហ្ស៊ូណូ (Yasuhide Mizuno) នាយកប្រតិបត្តិនៃក្រុមហ៊ុន Sony Honda Mobility Group បាននិយាយថា វានឹងរួមបញ្ចូលគ្នានូវ “ឧបករណ៍ចាប់សញ្ញារបស់ Sony និងប្រព័ន្ធសុវត្ថិភាពរបស់ Honda” ដោយរថយន្តនេះនឹងមានកាមេរ៉ាចំនួន ៤៥ គ្រាប់ និងឧបករណ៍ចាប់សញ្ញាខាងក្នុងនិងខាងក្រៅ ដែលនឹងតាមដានស្ថានភាពរថយន្តនិងកន្លែងជុំវិញ រួមទាំងអ្នកបើកបរផងដែរ។
ក្រុមហ៊ុន Sony ក៏បាននិយាយផងដែរថា ខ្លួននឹងប្រើប្រាស់ជំនាញរបស់ខ្លួនខាងហ្គេមនិងការកម្សាន្តដើម្បីបង្កើតបទពិសោធន៍ក្នុងរថយន្តពិសេសតែមួយគត់សម្រាប់អ្នកដំណើរ។ រូបភាពគំរូនៃផ្នែកខាងក្នុងរថយន្តបានបង្ហាញត្រួសៗអំពីអេក្រង់និងបរិយាកាសអន្តរកម្មជាច្រើន។
ផ្នែកខាងមុខរបស់រថយន្តក៏រួមបញ្ចូលផងដែរនូវ Media Bar ដែលក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះនិយាយថា អាចត្រូវបានប្រើដើម្បីចែករំលែកព័ត៌មានជាមួយមនុស្សជុំវិញរថយន្តអគ្គិសនីនេះ រួមទាំងការព្រមាននិងព័ត៌មានលម្អិតអំពីការសាកភ្លើងផងដែរ។
លោកមីហ្ស៊ូណូបាននិយាយថា រថយន្ត Afeela សង្ឃឹមថាចាប់ផ្តើមលក់នៅឆ្នាំ ២០២៥ ដោយរថយន្តដំបូងទាំងនោះនឹងដឹកទៅអាម៉េរិកខាងជើងនៅនិទាឃរដូវឆ្នាំ ២០២៦៕
រថយន្តអគ្គិសនី Afeela បានបង្ហាញខ្លួននៅលើឆាកក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Sony មុនពេលពិព័រណ៍បច្ចេកវិជ្ជា CES នៅទីក្រុងឡាសវេហ្គាស ដែលបើកនៅថ្ងៃព្រហស្បតិ៍នេះ