ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងកម្លាំងសន្តិសុខម៉ិកស៊ិកបានចាប់ខ្លួនលោក អូវីឌីអូ គូស្មាន់ (Ovidio Guzmán)ជាអ្នកជួញដូរគ្រឿងញៀនដែលអាម៉េរិកតាមចាប់ខ្លួននិងជាកូនប្រុសរបស់អតីតចៅហ្វាយក្រុមជួញដូរគ្រឿងញៀន Sinaloa លោក ចាវគីន “អែលឆាប៉ូ” គូស្មាន់ (Joaquín “El Chapo” Guzmán) នៅក្នុងប្រតិបត្តិការទាំងព្រលឹមថ្ងៃព្រហស្បតិ៍ទី៥មករាដែលនាំឱ្យមានការបាញ់ប្រហារគ្នានិងការបិទផ្លូវនៅទូទាំងរដ្ឋធានីម៉ិកស៊ីកូ។
រដ្ឋមន្ត្រីការពារជាតិលោក ល្វីស ក្រេសិនស្យូ សាន់ដូវ៉ាល់ (Luis Cresencio Sandoval) បាននិយាយថា ទាហាននិងបុគ្គលិកឆ្មាំជាតិបានចាប់កូនប្រុសរបស់ “អែលឆាប៉ូ”។
អូវីឌីអូ គូស្មាន់ ដែលមានរហស្សនាមថា “អាកណ្តុរ” មិនមែនជាកូនប្រុសល្បីឈ្មោះបំផុតរបស់លោកអែលឆាប៉ូនោះទេរហូតដល់ការចាប់រូបគេបរាជ័យកាលពីបីឆ្នាំមុន។ ការប៉ុនប៉ងនោះក៏បានបង្កើតអំពើហិង្សានៅទីក្រុងគូលីយ៉ាកាន់ (Culiacan) ផងដែរ ដែលនៅទីបំផុតបាននាំឱ្យប្រធានាធិបតី អង់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andrés Manuel López Obrador) បញ្ជាឱ្យយោធាដោះលែងរូបគេ។
ការចាប់ខ្លួនដ៏កក្រើកកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងប៉ុន្មានថ្ងៃមុនពេលលោកឡូប៉េស អូប្រាដ័រ នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាម៉េរិក ចូ បៃដិនសម្រាប់កិច្ចពិភាក្សាទ្វេភាគីបន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំអាម៉េរិកខាងជើងរបស់ពួកគេជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ។ ការជួញដូរគ្រឿងញៀនរួមជាមួយនឹងអន្តោប្រវេសន៍ត្រូវគេរំពឹងថានឹងក្លាយជាចំណុចសំខាន់ត្រូវលើកមកនិយាយ។
លោក ម៉ៃ វីជីល (Mike Vigil) អតីតប្រធានប្រតិបត្តិការអន្តរជាតិរបស់ DEA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “នេះគឺជាការវាយសំពងយ៉ាងខ្លាំងលើក្រុមជួញដូរគ្រឿងញៀន Sinaloaនិងជាជ័យជម្នះដ៏សំខាន់សម្រាប់នីតិរដ្ឋ។ ទោះយ៉ាងណា វានឹងមិនរារាំងលំហូរគ្រឿងញៀនចូលទៅសហរដ្ឋអាម៉េរិកនោះទេ។ សង្ឃឹមថាម៉ិកស៊ិកនឹងធ្វើបត្យាប័នរូបគេទៅសហរដ្ឋអាម៉េរិក”៕
អូវីឌីអូ គូស្មាន់ ត្រូវបានម៉ិកស៊ិកចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍
ការចាប់ខ្លួនអូវីឌីអូ គូស្មាន់ នាំអោយផ្ទុះអំពើហិង្សាពីក្រុមជួញថូរថ្នាំញៀន