ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ នាវាចម្បាំងអាម៉េរិកមួយបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ដែលមានការប្រទាញប្រទង់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ជាផ្នែកនៃអ្វីដែលយោធាអាម៉េរិកហៅថា សកម្មភាពបើកឆ្លងកាត់ធម្មតាដើម្បីសេរីភាពនាវាចរណ៍ តែតែងតែបង្កកំហឹងពីចិនប៉េកាំង។
នៅប៉ុន្មានឆ្នាំមកនេះ នាវាចម្បាំងអាម៉េរិកនិងមានមួយពេលនោះនាវាមកពីបណ្តាប្រទេសសម្ពន្ធមិត្ត ដូចជាអង់គ្លេសនិងកាណាដា បានបើកកាត់ផ្លូវទឹកដ៏រសើបនេះ ដោយបង្កការថ្កោលទោសពីចិនដែលចាត់ទុកទាំងកោះនិងច្រកសមុទ្រតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអាម៉េរិកបាននិយាយថា នាវាពិឃាតជុង-ហ៊ូន(Chung-Hoon)បំពាក់កាំជ្រួចបញ្ជានាំផ្លូវបានធ្វើការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បី«បង្ហាញការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយសេរីនិងបើកចំហ»។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា នាវានេះបានបើកទៅទិសខាងជើងកាត់ច្រកសមុទ្រនិងថាកងកម្លាំងរបស់ខ្លួនបានតាមដានដំណើររបស់វា ហើយមិនបានសង្កេតឃើញអ្វីខុសពីធម្មតាទេ។
សូមបញ្ជាក់ថា ផ្លូវទឹកតូចនេះតែងតែជាប្រភពនៃភាពតានតឹងយោធាចាប់តាំងពីកងកម្លាំងសាធារណរដ្ឋចិនដែលចាញ់សង្គ្រាមស៊ីវិលបានភៀសខ្លួនពីចិនដីគោកទៅកាន់កោះតៃវ៉ាន់នៅឆ្នាំ១០៤៩។អាម៉េរិកមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ តែមានច្បាប់មួយធានាផ្តល់មធ្យោបាយ រួមមានការផ្គត់ផ្គង់សព្វាវុធអោយតៃវ៉ាន់ការពារខ្លួនឯង។
ចំណែកចិនក៏មិនដែលច្រានចោលលទ្ធភាពនៃការប្រើកម្លាំងយោធាដើម្បីនាំកោះនេះមកធ្វើការបង្រួបបង្រួមជាមួយមហាចិនដីគោកវិញដែរ៕