ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនបញ្ជាទិញមួយដ៏សំខាន់នៅលើពិភពលោកនៅតែបន្តមើលឃើញសក្តានុពលឱកាសវិនិយោគនៅកម្ពុជា។

ចំណុចសំខាន់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសហការី ជាមួយ លោកស្រី អាប៊ិន ផាន (Anbinh Phan) តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

លោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។

លោករដ្ឋមន្រ្តី ក៏បានផ្តល់នូវបច្ចុប្បន្នភាពនៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេស ការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លើសពីនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រី តំណាងក្រុមហ៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ លោកស្រី ក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម៕/PC