ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ព្រះអង្គម្ចាស់ហារី បានទទួលស្គាល់ថាទ្រង់បានសម្លាប់មនុស្ស២៥នាក់ក្នុងអំឡុងពេលទ្រង់ធ្វើជាអ្នកបើកឧទ្ធម្គាគចក្រApacheនៅអាហ្វហ្គានីស្ថាន នេះបើតាមសារព័ត៌មានអង់គ្លេសចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ចេញពីសៀវភៅកំណត់ប្រវត្តិមួយរបស់ទ្រង់។
រំលឹកថា ព្រះអង្គម្ចាស់វ័យ៣៨វស្សាអង្គនេះធ្លាប់ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មប្រឆាំងក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្គានីស្ថានពីរដងដោយបេសកកម្មទីមួយជាអ្នកគ្រប់គ្រងបញ្ជាការហោះហើរលើការវាយប្រហារតាមអាកាសនៅឆ្នាំ២០០៧-២០០៨ និងបន្ទាប់មកជាអ្នកបើកឧទ្ធម្ភាគចក្រប្រយុទ្ធធុនApacheនៅឆ្នាំ២០១២-២០១៣។
ក្នុងសៀវភៅកំណត់ប្រវត្តិSpareដែលត្រូវចេញលក់នៅសប្តាហ៍ក្រោយ ព្រះអង្គបានមានបន្ទូលថា ទ្រង់បានបំពេញបេសកកម្ម៦លើកជាអាកាសយានិកម្នាក់ ដែលនាំអោយព្រះអង្គ«យកអាយុជីវិតមនុស្ស» នេះបើតាមសារព័ត៌មានDaily Telegraphបានរាយការណ៍។ហារីបានបញ្ជាក់ថា វាមិនជាមោទនភាពឬភាពអាម៉ាសអីទេនិងបានពណ៌នាការកំទេចគោលដៅងាយស្រួលដូចជា«ការដកគ្រាប់អុក»ចេញពីក្តារអុក។
វីដេអូបំពាក់នៅច្រមុះឧទ្ធម្ភាគចក្រApache អនុញ្ញាតអោយទ្រង់អាចវាយតំលៃលទ្ធផលបេសកកម្មនិងកំណត់ថាតើបានសម្លាប់មនុស្សបានប៉ុន្មាននាក់។កន្លងមកព្រះអង្គម្ចាស់មិនដែនពិភាក្សាជាសាធារណៈអំពីចំនួនសមាជិកក្រុមតាលីបង់ដែលទ្រង់បានសម្លាប់ទេ។
ព្រះអង្គម្ចាស់ចាត់ទុកអំពើរបស់ទ្រង់ថាជាការងារត្រឹមត្រូវដោយសារតែអនុស្សាវរីយ៍នៃការវាយប្រហារភេរវកម្ម១១កញ្ញា នៅសហរដ្ឋអាម៉េរិក និងបន្ទាប់ពីបានជួបក្រុមគ្រួសារជនរងគ្រោះ។
ព្រះអង្គម្ចាស់ហារី បានបំរើការដប់ឆ្នាំក្នុងកងទ័ពអង់គ្លេស ដោយឡើងឋានៈដល់ស័ក្តិបី និងបានពណ៌នាពេលវេលារបស់ទ្រង់នៅក្នុងជួរយោធាថាជាឆ្នាំទទួលការអប់រំបំផុត។
ក្រោយពីបំពេញបេសកកម្មនៅអាហ្វហ្គានីស្ថាន ព្រះអង្គម្ចាស់ហារីបានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ទ្រង់ដោយមិនត្រឹមតែដោយសារតែទ្រង់ជាសមាជិករាជវង្ស សំខាន់ព្រះអង្គបានចូលរួមប្រយុទ្ធប្រឆាំងនឹងពួកនិយមជ្រុលអ៊ីស្លាម៕
ព្រះអង្គម្ចាស់ហារីក្នុងបេសកកម្មនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០៨និង២០១២