ដោយៈប.ខុន/ភ្នំពេញៈ ភ្លៀងរលឹមក្នុងកម្រិតពីខ្សោយទៅមធ្យមបានធ្លាក់រាយប៉ាយមិនស្មើលើគ្រប់បណ្តាខេត្តនៅប៉ែកខាងកើតទន្លេមេគង្គហើយបន្តមកលើរាជធានីភ្នំពេញនិងបណ្តាខេត្តនៅប៉ែកខាងលិចទន្លេមេគង្គជាមួយនឹងធាតុអាកាសត្រជាក់ស្រឹបហើយភ្លៀងរលឹមបែបនេះអាចកើតមានរាល់ថ្ងៃរហូតទៅដល់ថ្ងៃទី១១ខែមករាតែភ្លៀងធ្លាក់មិនព្រមពេលជាមួយគ្នាទេ ម្តងធ្លាក់ខាងនេះម្តងទៅធ្លាក់ខាងនោះ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ខែមករាឆ្នាំ២០២២ថា ភ្លៀងរលឹមដោយ សារឥទ្ធិពលសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូងបានធ្លាក់រាយប៉ាយនៅគ្រប់ខេត្តប៉ែកខាងកើតទន្លេមេគង្គនិងបន្តដល់រាជធានីភ្នំពេញនិងខេត្តនៅប៉ែកខាងលិចទន្លេមេគង្គនៅព្រឹកថ្ងៃទី៦ខែមករានេះ តែអាចនឹងមិនបានទៅដល់តំបន់ទំនាបកណ្តាលភាគពាយព្យទេ គឺត្រឹមបឹងទន្លេសាបនិងតំបន់តំបន់ខ្ពងរាបភាគឦសាននិងភាគខាងជើងក្នុងកម្រិតពីតិចទៅមធ្យម។


អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាភ្លៀងរំលឹមធ្លាក់រាយប៉ាយមិនស្មើជាមួយនឹងអាកាសធាតុត្រជាក់ស្រឹបនេះ បន្តកើតមានរាល់ថ្ងៃរហូត ដល់ថ្ងៃទី១១ខែមករា តែមានបរិមាណមិនច្រើនទេ។នៅថ្ងៃទី៥និងទី៦ខែមករាភ្លៀងរលឹមបានធ្លាក់ដោយកន្លែងនៅក្នុងខេត្តមណ្ឌកគិរី ត្បូងឃ្មុំ ក្រចេះ កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ រាជធានីភ្នំពេញហើយនៅថ្ងៃនេះ(៦មករា)និងថ្ងៃបន្ទាប់បរិមាណទឹកភ្លៀងធ្លាក់អាចកើនឡើងជាពិសេសនៅអំឡុងថ្ងៃទី៩និងទី១០ខែមករា ដោយសារឥទ្ធិពល សម្ពាធទាបថ្មីរុញដើរមកពីសមុទ្រប៉ាស៊ីហ្វិកចូលដល់សមុទ្រចិនខាងត្បូងចំភាគកណ្តាលប្រទេសវៀតណាម។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៣ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ដល់ថ្ងៃ១០ខែមករាថាព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មរុញមកពីភាគខាងក្រោម(ត្បូង)នៃសមុទ្រចិនខាងត្បូង ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមករាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៨ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើនិងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង។ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ។ N